រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ​អំពាវនាវ​ឱ្យ​ពាណិជ្ជករ​បរទេស​ ​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ ​ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​អំពាវនាវ​ដល់​សមាគម​ ​និង​ក្រុមហ៊ុន​បរទេស​ ​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់​ខ្លួន​ ​ដោយ​យក​គំរូ​តាម​ស្រា​សំ​ប៉ាញ​ ​«​Champagne​»​ ​បារាំង​ ​ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់​ ​ដោយសារតែ​កម្ពុជា​ ​គឺជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ ​ដែល​មាន​ទាំង​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ជាច្រើន​ ​សម្រាប់​ការពារ​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា​ ​និង​បរទេស​។​

​ការ​អំពាវ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ស្រា​សំ​ប៉ាញ​ ​របស់​គណៈកម្មការ​អន្តរ​អាជីព​នៃ​ស្រា​សំ​ប៉ាញ​ ​(​’​CIVC​’​)​ ​ប្រទេស​បារាំង​ ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​គេ​នៅ​កម្ពុជា​ ​ដែល​រៀបចំឡើង​នៅ​ស្ថានទូត​បារាំង​ ​កាលពី​រាត្រី​ថ្ងៃទី២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ក្រោម​វត្តមាន​ចូលរួម​ពី​លោកជំទាវ​ ​Eva​ ​Nguyen​ ​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ​រួម​ជាមួយ​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ​ព្រមទាំង​ពាណិជ្ជករ​ជាច្រើន​រូប​។​

​នៅក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​លើក​កិច្ច​ឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​លើកស្ទួយ​វិស័យ​កម្មសិទ្ធិ​បញ្ញា​ជាតិ​ ​តាមរយៈ​ការ​ខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់​ ​ការ​បណ្តុះបណ្តាល​ ​និង​បញ្ជ្រាប​កម្មសិទ្ធិ​បញ្ញា​ទៅ​ក្នុង​កម្មវិធី​អប់រំ​ ​ការរៀបចំ​ទិវា​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ ​និង​ការចូលរួម​កិ​ច្ច​ព្រៀម​ព្រៀង​អន្តរជាតិ​សំ​ខាន់​ៗ​ ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា​។​

​បន្ថែម​លើ​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-​បារាំង​ ​និង​បាន​ស្នើសុំ​លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​ ​និង​ពាណិជ្ជករ​បារាំង​ ​បន្ត​ធ្វើ​ធុរកិច្ច​ ​និង​វិនិយោគ​ថែមទៀត​នៅ​កម្ពុជា​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ ​ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមជម្រាប​ថា​ស្រា​សំ​ប៉ាញ​ ​គឺជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដ៏​ល្បី​របស់​ប្រទេស​បារាំង​ ​ដែល​បង្កើត​ឡើង​ដោយ​តភ្ជាប់​កត្តា​ធម្មជាតិ​ ​និង​ប្រពៃណី​របស់​ជនជាតិ​បារាំង​។​ ​ស្រា​នេះ​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​នៅក្នុង​ឆ្នាំ២០១៥​ ​ដោយ​អង្គការ​ ​UNESCO​ ​និង​បាន​ចុះបញ្ជី​ការពារ​ម៉ាក​នៅក្នុង​ប្រទេស​ចំនួន​ ​១១៧​ ​ហើយ​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ស្រា​នេះ​បាន​ផ្តល់​នូវ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ប្រមាណ​ជាង​ ​៥ពាន់​លាន​អឺ​រ៉ូ​ ​ដល់​ប្រជាជន​ ​និង​ប្រទេស​បារាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close