លោកស្រី​ ​អោង​ ​សាន​ស៊ូ​ជី​ ​ចាប់អារម្មណ៍​លើ​សិលាចារឹក​ភូមា​ដែល​មាននៅ​តំបន់​អង្គរ​

​នៅក្នុង​ដំណើរ​ទស្សនា​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​ ​នៅ​ថ្ងៃទី០១ខែឧសភា​ឆ្នាំ២០១៩នេះ​ ​លោកស្រី​ ​អោង​ ​សាន​ស៊ូ​ជី​ ​(​Aung​ ​San​ ​Suu​ ​Kyi​)​ ​ទីប្រឹក្សា​រដ្ឋ​ ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ​បាន​បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​លើ​សិលាចារឹក​ភូមា​ ​នៅក្នុង​តំបន់​អង្គរ​។​

​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​សំណាក់​ ​លោក​ ​អ៊ឹម​ ​សុ​ខរិទ្ធី​ ​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​ ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​ជា​អ្នកបកស្រាយ​ពន្យល់​ផ្ទាល់​ជូន​ដល់​លោកស្រី​ ​អោង​ ​សាន​ស៊ូ​ជី​ ​អំពី​ប្រវត្តិ​ប្រាសាទបុរាណ​ខ្មែរ​។​

​លោក​អ៊ឹម​ ​សុ​ខរិទ្ធី​ ​បាន​បញ្ជាក់​ថា​ ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​លើទឹក​ដី​អង្គរ​នេះ​ ​លោកស្រី​ ​អោង​ ​សាន​ស៊ូ​ជី​ ​(​Aung​ ​San​ ​Suu​ ​Kyi​)​ ​ទីប្រឹក្សា​រដ្ឋ​ ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ​បាន​សម្តែង​ការ​ស្ញប់ស្ញែង​ចំពោះ​ប្រាសាទបុរាណ​របស់​ខ្មែរ​នេះ​។​ ​ជាមួយគ្នា​លោកស្រី​ ​អោង​ ​សាន​ស៊ូ​ជី​ ​គឺជា​គណៈប្រតិភូ​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ទស្សនា​ប្រាសាទ​ ​និង​ធ្វើការ​សិក្សា​ឈ្វេងយល់​អំពី​ប្រវត្តិ​សាស្រ្ត​ខ្មែរ​យ៉ាង​ហ្មត់ចត់​។​ ​ក្នុង​នោះ​លោកស្រី​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅពេល​បានឃើញ​ ​សិលាចារឹក​ភូមា​មាននៅ​ក្នុង​តំបន់​អង្គរ​ ​ដែល​សិលាចារឹក​នេះ​បង្ហាញថា​ ​កម្ពុជា​ ​និង​ភូមា​មាន​ទំនាក់ទំនង​តាំងពី​សម័យ​បុរាណ​។​ ​

​បន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​រួចមក​លោកស្រី​ ​អោង​ ​សាន​ស៊ូ​ជី​ ​មានបំណង​ធ្វើ​កិច្ចប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា​ក្នុង​ការ​តភ្ជាប់​ទំនាក់ទំនង​វិស័យ​ទេសចរណ៍​ ​គឺ​ការ​តភ្ជាប់​ក្រុង​បា​ហ្គាន់​(​Bagan​)​របស់​ភូមា​មក​ក្រុង​សៀមរាប​ ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិស័យ​ទេសចរ​​ណ៍​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​ប្រសើរ​។​

​លោក​ ​អ៊ឹម​ ​សុ​ខរិទ្ធី​ ​បាន​បញ្ជាក់​ថា​ ​កម្ពុជា​ ​និង​ភូមា​ ​មាន​ទំនាក់ទំនង​គ្នា​តាំងពី​ស័យ​បុរាណ​មក​ម្លេះ​ ​ព្រោះថា​ ​តាម​ការស្រាវជ្រាវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​កន្លងមក​បាន​ប្រទះឃើញ​សិលាចារឹក​ជា​ភាសា​ភូមា​ចំនួន១១កន្លែង​ផ្សេងគ្នា​។​ ​ក្នុង​នោះ​ទីតាំង​ដែល​រក​ឃើញ​នោះ​មាន៩កន្លែងនៅ​ប្រាសាទអង្គរវត្ត​ ​និង២កន្លែង​ទៀត​ក្នុង​ក្រុង​អង្គរធំ​ក្បែរ​ប្រាសាទបាយ័ន​។​ហើយ​បើ​តាម​ការសិក្សា​គេ​បាន​រក​ឃើញថា​ ​អក្សរចារឹក​ដែល​ចារ​ចាស់​ជាងគេ​ ​គឺ​នៅដើម​សតវត្សរ៍​ទី២០​។​ ​អ្នក​ដែល​បាន​មក​ចារ​ខ្លះមក​ជា​លក្ខណៈ​គ្រួសារ​ ​និង​មក​តែឯង​ ​ហើយ​អត្ថន័យ​ជាទូទៅ​ ​គឺ​បញ្ជាក់​ពី​ឈ្មោះ​អ្នក​សរសេរ​ ​ពេលវេលា​ ​និង​តំបន់​ដែល​ពួកគេ​រស់នៅ​។​ ​ចំណែក​នៅ​ប្រាសាទបាយ័ន​ ​អ្នក​ដែល​ចារ​គឺ​ព្រះសង្ឃ​ភូមា​ ​ដែល​លោក​បាន​មក​គោរព​ព្រះ​នៅក្នុង​ប្រាសាទ​ ​ជាពិសេស​ព្រះអង្គ​ងោក​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close