រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកកំពង់ផែក្រុងព្រះសីហនុជាអង្គសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកកំពង់ផែក្រុងព្រះសីហនុថា ជាអង្គសេដ្ឋកិច្ចដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងពិភពលោកទាំងមូល ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មករ និយោជិតនៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរ ជាតិ ០១ ឧសភា ឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការមុតស្រួចមួយចំនួន សំដៅសម្រេចបាននូវការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គម ក្នុងល្បឿនមួយលឿន និងរឹងមាំ។
ជាក់ស្ដែងក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧.៧ភាគរយ ដែលបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាបនៅឆ្នាំ២០១៥ និងជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី នៅក្នុងឆ្នាំ២០១៦ ផងដែរ។ ដោយឡែកក្នុងឆ្នាំ២០១៩នេះ តាមការប៉ាន់ស្មានជាបឋម អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៧.៥ភាគរយ ដែលគាំទ្រកំណើនពីវិស័យសំណង់ កំណើនខ្ពស់ជាងការរំពឹង ទុកនៃវិស័យកាត់ដេរ ការងើបឡើងវិញនៃវិស័យទេសចរណ៍ កំណើនខ្ពស់នៃវិស័យលក់ដុំ- លក់រាយ និងវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ច្បាស់ណាស់ថា សមិទ្ធ ផលទាំងនេះកើតចេញពីការរួមចំណែកដ៏ធំធេងនៃកម្លាំងពលកម្ម ជាពិសេសកម្លាំងពលកម្ម វ័យក្មេង និងប្រកបដោយសក្តានុពល ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកំពង់ផែក្រុងព្រះសីហនុ ដែលបានចូលរួមនៅក្នុងការ កែទម្រង់ដ៏មុតស្រួចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបញ្ចុះតម្លៃការលើកដាក់ ព្រមទាំងថ្លៃ Bonus និងការមិនយកឈ្នួលបន្លាស់ទីចំណតនាវា ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះបីការធ្វើបែបនេះ នឹងធ្វើឱ្យកំពង់ផែបាត់បង់នូវចំណូលប្រមាណជាង ២លានដុល្លារអាម៉េរិក ក៏ប៉ុន្តែប្រការនេះ បានធ្វើឱ្យថ្លៃឡូជីស្ទីកមានកម្រិតទាបជាងមុន និងពង្រីកនូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងមូល។
ទន្ទឹមនឹងនេះដែរ កំពង់ផែក្រុងព្រះសីហនុ ក៏ជាតួអង្គដែល ទទួលបាននូវអត្ថប្រយោជន៍ដោយផ្ទាល់ពីការកែទម្រង់ខាងលើ តាមរយៈវិធានការនៃការរំកិលកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន និងការរំសាយអង្គភាពកាំសាប ដែលចូលរួមចំណែកធ្វើឱ្យប្រតិបត្តិការរបស់ផែមានភាពរលូនជាងមុន និងស្របតាមនិយាមប្រតិបត្តិការនៃផែអន្តរជាតិទូទៅ។
បើតាមរបាយការណ៍បានឱ្យដឹងថា បរិមាណទំនិញឆ្លងកាត់ផែបានកើនឡើង ខ្ពស់កាលពីឆ្នាំ២០១៨ ពោលគឺមានកំណើន ២២.០៨ភាគរយ ក្នុងនោះបរិមាណកុងតឺន័រឆ្លងកាត់ មានកំណើន ១៧.៧០ភាគរយ ធៀបនឹងឆ្នាំ២០១៧ រីឯចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ ៧២ លានដុល្លារអាម៉េរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។