ការ​ឈឺចាប់​របស់​ស្ដ្រី​នៅ​អាង​ត្រគាក​មួ​​យ​ផ្នែក​ធម្មតា​តែ​មួយ​ផ្នែក​ធំ​ជា​បញ្ហា

រាជធានី​ភ្នំពេញ ៖ ការ​ឈឺចាប់​នៅ​អាង​ត្រគាក​ជា​បញ្ហា​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​ក្នុង​ជីវិត​រស់នៅ​របស់​ស្ត្រី ។ ស្ត្រី​គួរ​ចាប់អារម្មណ៍​ថា ការ​ឈឺចាប់​នេះ​មួយ​ចំណែក​ជា​រឿង​ធម្មជាតិ​របស់​ស្ត្រី (Physiological menses) ប៉ុន្តែ​មួយ​ភាគ​ធំ វា​ជា​រឿង​មិនធម្មតា កើតឡើង​ដោយសារ​ជំងឺ​ផ្សេង​ៗ​។ ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​នូវ​រោគ​សញ្ញា​ទាក់ទង​នឹង​ការ​ឈឺ​អាង​ត្រគាក ៖

១-​ការ​ឈឺចាប់​ជា​ខ្លាំង​ដែល​ពុំ​ធ្លាប់​មាន (Acute pelvic pain)​៖ នេះ​ជា​សញ្ញា​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​លើ​មូលហេតុ​ដែល​បណ្តាល​មក​ពី​ជំងឺ​ផ្សេង​ៗ ហើយ​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ជា​បន្ទាន់ ។ ដកស្រង់​ប្រសាសន៍ លោក​វេជ្ជបណ្ឌិត អ៊ូច ឌី​ណា ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​មែ​៉​ត​ដែល​បាន​ធ្វើការ​កត់​សម្គាល់ថា ជំងឺ​ទាំង​អស់នោះ​មាន​ដូច​ជា​៖

-​ជំងឺ​ដុំដៃ​ស្បូន (Ovarian cyst) ដុំដៃ​ស្បូន​អាច​រមូរ ឬ​ក៏​បែក​ដែល​បណ្តាល​ឱ្យ​ហូរ​ឈាម​ពេញ​ពោះ ។
-​ជំងឺ​រលាក​អាង​ត្រគាក (Pelvic inflammatory disease) វា​បង្ក​រោគ​ឡើង​ដោយ​បាក់តេរី​នៅ​លើ​សរីរាង្គ​បន្ត​ពូជ​ស្ត្រី (​ស្បូន ដៃ​ស្បូន អូវែរ​) ។
-​អាច​ជា​ជំងឺ​រលាក​ខ្នែងពោះវៀន (Appendicitis) ជា​ទូទៅ​វា​ឈឺ​នៅ​ផ្នែក​អាង​ត្រគាក​ខាងក្រោម និង​ផ្នែក​ខាងស្តាំ ។
-​ជំងឺ​រលាក​ស្រោមពោះ (Peritonitis) ជំងឺ​នេះ​វា​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ចាំបាច់​ត្រូវការ​ព្យាបាល​ជា​បន្ទាន់ បើ​ពុំនោះ​ទេវា​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ។
-​ជំងឺ​រលាក​ផ្លូវ​បង្ហូរ​នោម (Urinary tract infection) ជំងឺ​នេះ​ជា​ទូទៅ​ឈឺចាប់​នៅ​អាង​ត្រគាក ហើយ​រាលដាល​ទៅ​ផ្នែក​ខាងក្រោយ ជា​ពិសេស​នៅ​ពេល​យើង​បន្ទោបង់​ទឹកនោម នឹង​បណ្តាល​ឱ្យ​យើង​នោម​ញឹក ។

-​ជំងឺ​ទល់លាមក (Constipation or bowel spasm) ជំងឺ​នេះ​កើតឡើង​ម្តងម្កាល ជា​ករណី​កម្រ ប៉ុន្តែ​វា​អាច​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឱ្យ​ស្ទះ​ពោះវៀន ។
-​ជំងឺ​អាប់​សែ​អាង​ត្រគាក (Pelvic abscess) វា​បង្ក​ឡើង​ដោយសារ​មាន​ខ្ទុះ​នៅ​ក្នុង​អាង​ត្រគាក ជា​ពិសេស​នៅ​ដៃ​ស្បូន តួ​ស្បូន និង​ទ្វារមាស ដែល​ចាំបាច់​ត្រូវ​មក​សម្រាក​នៅ​មន្ទីរពេទ្យ និង​ព្យាបាល​ជា​បន្ទាន់ ។

២-​ការ​ឈឺចាប់​អាង​ត្រគាក​រ៉ាំរ៉ៃ (Persistent or recurrent pelvic pain) ៖ ការ​ឈឺចាប់​នេះ​ជា​ទូទៅ​ពាក់ព័ន្ធ​នឹង​វដ្ត​រដូវ​របស់​ស្ត្រី ជា​ពិសេស​ឈឺចាប់​នៅ​ពេល​មាន​រដូវ ទៅ​តាម​ស្ត្រី​ម្នាក់​ៗ និង​អាច​បណ្តាល​មក​ពី​ជំងឺ​រួម​ផ្សំ​មួយ​ចំនួន​ទៀត​ដូច​ជា​៖

-​ជំងឺ​អង់ដូមេទ្រីយ៉ូស (Endometriosis) ជំងឺ​នេះ​ធ្វើ​ឱ្យ​ស្ត្រី​មានការ​ឈឺចាប់​ជា​រឿយ​ៗ រាល់ពេល​មាន​វដ្ត​រដូវ ។
-​ការ​រលាក​អាង​ត្រគាក​រ៉ាំរ៉ៃ (Pelvic inflammatory disease) ភាគច្រើន​បង្ក​រោគ​ដោយ​មេរោគ​ផ្សេង​ៗ​នៅ​លើ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី​ដូច​ជា Chlamydia ឬ​ក៏​Gonorrhoea ដែល​តម្រូវ​ឱ្យ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ ។

-​ការ​រលាក​ពោះវៀន (Irritable bowel syndrome) ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បណ្តាល​ឱ្យ​ឈឺពោះ ហើមពោះ រាគ​រូស និង​ទល់លាមក​ជាដើម ។
-​ជំងឺ​គីស​ដៃ​ស្បូន (Recurrent ovarian cysts) ដុំ​គីស​នេះ​ជា​ធម្មតា​អាច​កើត​ហើយ​បាត់​ទៅ​វិញ អាស្រ័យ​ទៅ​តាម​អ័រម៉ូន​នៃ​វដ្ត​រដូវ ។

-​ជំងឺ​ស្រុត​ស្បូន (Prolapse of the womb) ជា​ទូទៅ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី ជា​ពិសេស​នៅ​ពេល​មាន​វ័យ​ចំណាស់ ត្រូវ​ធ្លាក់​ចុះ​តាម​ទ្វារមាស​ខុស​ទីតាំង​ធម្មតា​ចេញ​មក​ក្រៅ​តិច ឬ​ច្រើន​ទៅ​តាម​កម្រិត​នៃ​ជំងឺ ដែល​បង្ក​ឱ្យ​មានការ​ឈឺចាប់​រ៉ាំរ៉ៃ និង​រំខាន​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី ។

-​ជំងឺ​ដុំ​ស្បូន (Fibroids or adenomyosis) ជំងឺ​នេះ​ជា​ទូទៅ ឈឺ​ស្ទុំ​ៗ និង​មាន​អារម្មណ៍​តឹង​ណែន​នៅ​លើ​អាង​ត្រគាក ហើយ​អាច​ឈឺចាប់​ខ្លាំង​នៅ​ពេល​ដុំ​នេះ​រមួល ដែល​ស្ត្រី​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ។

៣-​ការ​ឈឺចាប់​នៅ​អាង​ត្រគាក​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ (Pelvic pain in pregnant women) ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​គួរ​ចាប់អារម្មណ៍​ការ​ឈឺចាប់​នេះ​អាច​បណ្តាល​មក​ពី​ជំងឺ​ទាំងឡាយ​ដែល​រៀបរាប់​ខាងលើ​ក្នុង​កំឡុង​ពេល​គាត់​មាន​ផ្ទៃពោះ ប៉ុន្តែ​ដោយឡែក​ស្ត្រី​ក៏​អាច​បណ្តាល​មក​ពី​គភ៌​របស់​គាត់​ដូច​ជា​៖

-​ជំងឺ​កូនក្រៅស្បូន (Ectopic pregnancy) ជំងឺ​នេះ​កើតឡើង​នៅ​ត្រីមាស​ដំបូង​នៃ​គភ៌ ហើយ​ធ្វើ​ឱ្យ​ហូរ​ឈាម​នៅ​ក្នុង​ពោះ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។
-​ការ​រលូត​កូន (Miscarriage threatening) កើតឡើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ធ្វើ​ឱ្យ​ស្ត្រី​មានការ​កន្ត្រាក់​ស្បូន និង​ធ្លាក់ឈាម​តាម​ទ្វារមាស ។
-​កូន​ស្លាប់​ក្នុង​ពោះ (MFIU) ជា​ទូទៅ​ស្ត្រី​ជា​ម្តាយ​មានការ​ឈឺពោះ ហើយ​ទារក​ក្នុង​ផ្ទៃ​មិន​កម្រើក ។ ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​គភ៌ ។

-​ការ​សម្រាលកូន​មុន​ខែ (Premature delivery) ជា​ទូទៅ​កើត​នៅ​ត្រីមាស​ចុង​ក្រោយ ដែល​ស្ត្រី​មានការ​ឈឺចាប់​នៅ​អាង​ត្រគាក កន្ត្រាក់​ស្បូន និង​មាន​ធ្លាក់ឈាម ឬ​ក៏​ហូរ​ទឹកភ្លោះ នៅ​មុន​ថ្ងៃ​កំណត់​នៃ​ការ​សម្រាល​។ ប្រសិនបើ​ស្ត្រី​ដែល​មាន​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ សូម​មេត្តា​រួសរាន់​មក​ពិគ្រោះ និង​ពិនិត្យ​សុខភាព ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close