ឡាន​បុក​ពេល​ជិះ​ម៉ូតូ បុរស​ម្នាក់​ស្លាប់​តាមផ្លូវ​បញ្ជូន​សង្គ្រោះបន្ទាន់​

ភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់ អត្តសញ្ញាណ​មួយគ្រឿង​បាន​បើក​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅតាម​ផ្លូវ​ពេល​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ តាមផ្លូវ​វេ​ង​ស្រេង មុខផ្ទះ​សំណាក់​សេះ​មាស ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ នា​ម៉ោងជាង​៩​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​មានឈ្មោះ សិលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​វិស្វករ ស្នាក់នៅ​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ និង​មាន​ស្រុកកំនើត នៅ​ភូមិ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​​

ប្រភព​ដដែល​បន្តថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GW-6327 ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​លុះ មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​កាមរី​បា​ឡែ​ន មិន​ចាំ​ស្លាក​លេខ បាន​បើក​មកពី​ក្រោយ ស្រប​ទិសដៅ​គ្នា ស្រាប់តែ​ទៅបុក​ម៉ូតូ​ដែល​បុរស​នោះ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​អូស​នឹង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ តែ​អកុសល​ដោយ​របួសធ្ងន់​ពេក បណ្តាលអោយ​ស្លាប់ នៅតាម​ផ្លូវ​តែម្តង ។ ក្រោយ​កើតហេតុ​ជនបង្ក​បាន បើករថយន្ត រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​វាស់វែង យក​ម៉ូតូ​ទៅ​រក្សាទុក និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ដើម្បី​យក​សព​ជនរងគ្រោះ ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close