​ជប៉ុន​ផ្តល់​ជំនួយ​ជាង​១លាន​ដុល្លារ​សម្រាប់​បន្ត​​​​គម្រោង​​​​កែ​​​លម្អ​​​​ប្រព័ន្ធ​ធារា​​​សាស្រ្ត​​​អាង​​​​ទន្លេ​​​​មេគង្គ​​​​ក្រោម​

ជប៉ុន ៖ រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជា​ក់​ឡើង​វិញ​ពីការ​គាំទ្រ​ដល់​គម្រោង​កែលម្អ ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​តាម​បណ្តា​ប្រទេស​ដង​ទន្លេ​មេគង្គ ដែល​មាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង វៀត​ណាម ក្នុង​នោះ ទឹក​ប្រាក់​ជាង ១.៤លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ចំណាយ​សម្រាប់​ការអនុ​វត្ត​សកម្មភាព​ការ​ងារ​នានា ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ប្រឈម​នៃ​អាង​ទន្លេ​មេគង្គ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន បាន​បញ្ជា​ក់ថា កិច្ច​គាំទ្រ​ពីរ​ដ្ឋាភិបាល​ជប៉ុន សម្រាប់​បន្ត គម្រោង​កែលម្អ​ប្រព័ន្ធ​ធារាសាស្រ្ត​នៅ​តាម​បណ្តា​ប្រទេស​ដង​ទន្លេ​មេគង្គ​នៃ​ប្រទេស​ទាំង​៤​នេះ នឹង​អនុ​វត្តន៍​រហូត​ដល់​ឆ្នាំ​២០២១ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​មាន​និរន្តរភាព​នូវ​ប្រភព​ធន ធាន​ទឹក ផល​ដំណាំ​កសិកម្ម ការចរាចរ​របស់​ត្រី និង​ជីវៈចម្រុះ​ដទៃ​ទៀត។

ការ​បញ្ជា​ក់​ជំហរ​ជា​ថ្មី​របស់​ពីរ​ដ្ឋាភិបាល​ជប៉ុន សម្រាប់​កិច្ច​បន្ត​គាំទ្រ​ដល់​គម្រោង​កែ លម្អ​ប្រព័ន្ធ​ធារាសាស្រ្ត​តាម​ដង​ទន្លេ​មេគង្គ​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈ​កម្មការ​ទន្លេ មេគង្គ នៅ​ទី​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ ដែល​មាន​ការ​ចូល​រួម​ពី តំណាង​ជាន់​ខ្ពស់​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ប្រទេស​ជប៉ុន។

លោក ហ្វាម ទួន ផាន (Pham Tuan Phan) អគ្គ​នាយក​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​បញ្ជា​ក់​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ការ​គាំទ្រ​នេះ ស្រប​ទៅ​តាម​ផែនការ យុទ្ធសាស្រ្ត​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គឆ្នាំ​២០១៦-២០២០ សម្រាប់​ដោះ​ស្រាយ​​បញ្ហា ប្រឈម​សំខាន់ៗ​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​នៃ​អាង​ទន្លេ​មេគង្គ​ក្រោម។

លោក​បាន​បន្ដថា ការ​គាំទ្រ​ពីរ​ដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​ដល់​គណៈ​កម្មការ​ទន្លេ​មេគង្គ ក្នុង​ការអនុ​វត្ត​ផែនការ​ប្រព័ន្ធ​ធារាសាស្ដ្រ និង​លើក​កម្ពស់ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ពី​ប្រព័ន្ធ ធារាសាស្ត្រ​នៅ​ក្នុង​អាង​ទន្លេ។ ពិសេស​ពង្រឹង​ឱកាស​សេដ្ឋកិច្ច តាម​រយៈ​កសិកម្ម និង​ប្រព័ន្ធ ធារាសាស្រ្ត​ដែល​ប្រជាជន​រាប់លាន​នាក់ ពឹង​ផ្អែក​លើ​ចំណូល និង​ប្រភព​អាហារ ចម្បង​របស់​ពួក​គេ។

សូម​រម្លឹកថា គម្រោង​បន្ត​ជំនួយ​នេះ ធ្វើ​ឡើង​ក្រោយ​ពីរ​ដ្ឋាភិបាល​ជប៉ុន និង​គណៈកម្ម ការ​ទន្លេ​មេគង្គ កាលពី​ចុង​ខែ​កន្លង​មក​នេះ ចាប់​ផ្តើម​​ធ្វើ​ការ​សិក្សា​អំពី​ការអភិរក្ស​ព្រៃ​ឈើ និង​ការគ្រប់​គ្រង​អាង​ទន្លេ​មេគង្គ​ក្រោម ដើម្បីគ្រប់​គ្រង និង​អភិរក្ស​សុខភាព​បរិស្ថាន​នៃ​អាងទន្លេ។ ការ​សិក្សា​នេះ​គ្របដណ្តប់លើ​ប្រទេស​កម្ពុជា ឡាវ ថៃ វៀត​ណាម និង​មីយ៉ាន់ម៉ា ដែល រំពឹង​ថា នឹង​បញ្ចប់​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close