អង់គ្លេសបង្ហាញ សៀវភៅស របស់ខ្លួនស្ដីពី អង់គ្លេស-សហភាពអឺរ៉ុប

អង់គ្លេស ៖ កាលពីម្សិលមិញ រដ្ឋាភិបាល​អង់គ្លេស​ បាន​សម្រេច​ដាក់​បង្ហាញចេញ​​ផែន​ការ​លម្អិត​​ជា​លើក​ដំបូង​ ស្តីពី​ទំនាក់​ទំនង​អង់គ្លេស​និង​សហភាព​អឺរ៉ុប​។ ថ្នាក់​ដឹកនាំ​​រដ្ឋា​ភិបាល​ប្រទេសមួយនេះ ​បាន​ឡើង​ការពារគម្រោង​ដែល​គេហៅថា សៀវភៅស​ ​នៅ​ក្នុង​សភា ហើយ​ការជជែក​ពិភាក្សា​​គ្នា គឺ​ធ្វើ​ឡើង​​យ៉ាង​តឹង​សរសៃក មុន​នឹង​សម្រេច​អនុវត្តនៅ​ទីបំផុត​។

គម្រោងការ​​នេះ គឺគេ​ប្រសិទ្ធនាមឲ្យ​ថា សៀវភៅស ដែល​មាន​កម្រាស​៩៨ទំព័រ ចែង​​លម្អិត​ពី​ទំនាក់ទំនង​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​​ ទៅ​ថ្ងៃ​អនាគត។ អត្ថន័យជាសង្ខេបនៅក្នុងសៀវភៅស នេះបញ្ជាក់ពីការចរាចរណ៍​ទំនិញ ដែល​អង់គ្លេស​ចង់​បាន​ កិច្ច​ព្រមព្រៀង​ថ្មីមួយជាមួយ​សហភាព​អឺរ៉ុប​ ចំពោះ​​ការ​ផ្លាស់ប្តូរ​ទំនិញដោយសេរី។​ ចំណែកការ​ធ្វើ​ដំណើរ​របស់ភ្ញៀវ​​ទេសចរ យុវជន​អឺរ៉ុប និង​អ្ន​ក​ជំនួញ​ ដោយ​មិន​ចាំបាច់​មា​ន​ទិដ្ឋាការ​ ទៅ​កាន់​អង់គ្លេស ដោយ​គ្រាន់តែ​មា​នការ​ត្រួត​ពិនិត្យ មិន​ធូរ​រលូង​ដូច​ពីមុន​។​ អ្នក​ធ្វើ​ការងារ​​ដែល​ជាប្រជាជន​សហភាព​អឺរ៉ុប នៅ​តែ​មាន​សិទ្ធិ​ចូលទៅ​ធ្វើ​ការ​នៅ​អង់គ្លេសដដែល​​។ បន្ថែមលេីសពីនោះទៅទៀត ចៅក្រម​អឺរ៉ុប​ នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គណៈកម្មាធិការ​អង់គ្លេស​-សហ​ភាព​​អឺរ៉ុប ជា​ដើម។

ប៉ុន្តែគម្រោង​ផែ​នការ​នេះ​ត្រូវបានលោគ Jacob  Rees- Mogg ជាអ្នក​តំណាង​រាស្ត្រ​មក​ពី​បក្ស​អភិរក្ស​និយមបានរិះគន់យ៉ាងខ្លាំង​​​ ដោយលោកចង់ឃេីញ​អង់គ្លេស​លះលែង​ដាច់​ស្រឡះ​តែម្តងពី​សហភាព​អឺរ៉ុប ព្រោះនេះជាអ្វីដែលពលរដ្ឋ​អង់គ្លេស​បោះឆ្នោត​ចង់​បាន​។

ទោះជាយ៉ាងណា លោកស្រី​នាយករដ្ឋមន្ត្រី Theresa May បាន​អះអាង​ការពារថា «គម្រោង​នេះ ពិត​ជា​ឆ្លើយតប​ទៅ​តាម​ប្រជា​មតិ​របស់​ពលរដ្ឋ​អង់គ្លេស ដែល​បោះឆ្នោត​ចាកចេញពី​សហភាព​អឺរ៉ុប​ កាលពីខែ​​មិថុនា​២០១៦​»​​​ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close