Manny Pacquiao យកឈ្នះ Lucas Matthysse ត្រឹមតែ៧ទឹក
កីឡា ៖ Manny Pacquiao ដែលជាម្ចាស់ជើងឯកពិភពលោក៨ស្ថាប័ន សញ្ជាតិភីលីពីន បានយកឈ្នះកីឡាករប្រដាល់ឆ្នើមអាហ្សង់ទីន Lucas Matthysse នាជំនួបដណ្តើមខ្សែក្រវាត់ WBA Welterweight នៅសង្វៀន Axiata Arena ក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅត្រឹមទឹកទី៧ប៉ុណ្ណោះ។
តោកំណាចប្រចាំទ្វីបអាសីុមួយនេះ បានដើរតួនាទីជាអ្នកដើរចូលរហូតនិងបោះកណ្ដាប់ដៃពេញៗ ធ្វើឲ្យ Lucas Matthysee វ័យ៣៥ឆ្នាំ ត្រូវអាជ្ញាកណ្ដាលរាប់ជារឿយៗចាប់ផ្ដើមពីទឹកទី១ដល់ទី៧។ ទីបំផុត Lucas បានសម្រេចចិត្តបោះបង់ការប្រកួតត្រឹមទឹកទី៧ដោយសារតែមិនអាចទ្រាំទ្រកណ្ដាប់ដៃធ្ងន់ៗរបស់ Pacquiao ។
សូមជម្រាបថា នេះជាជ័យជម្នះលើកដំបូងរបស់ Pacquiao ចាប់តាំងពីចាញ់អ្នកប្រដាល់អូស្ត្រាលី Jeff Horn កាលពីឆ្នាំ២០១៧ ហេីយបានបាត់បង់ខ្សែក្រវាត់ WBO មួយខ្សែផងដែរ។ ចំណែកអ្នកប្រដាល់សញ្ជាតិអាហ្សង់ទីន Lucas វ័យ៣៥ ដែលប្រកួត៤៤ដង ឈ្នះ៣៩ ចាញ់៤ និងផ្តួលដៃគូឲ្យសន្លប់៣៦លើក។ ខ្សែក្រវាត់ WBA ដែលរបូតទៅដល់ដៃ Pacquiao គឺ Lucas ដណ្តើមបានពីកីឡាករថៃ Teerachai Sithmorseng កាលពីខែមករាកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។