ជំនន់លិច​ផ្លូវ​ជាតិ​លេខ​៤បន្ត​​​​កើន​​​​ឡើង ខណៈ​​​​ក្រសួង​​​​ប្រ​​​កាស​​​​ពី​​​ភ្លៀង​​​​នៅ​​​​តែ​​​​បន្ត​​​​ធ្លាក់​

ព្រះសីហនុ ៖ យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​ឲ្យ​ដឹងថា មកទល់​នឹង​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី១៨ ខែ​កក្កដា នេះ កំពស់​ទឹក​ស្ទឹងសំរោង នៅ​ចំណុច​ស្ពាន​សំរោង ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សីហនុ បាន​បន្ត​កើន​ឡើង​ដល់​កំពស់ ៧,១០​ម៉ែត្រ ។ ដោយ​ពេល​នេះ ទឹក​ជំនន់​កំពុង​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវ​ជាតិ និង​ស្ពាន​ប្រវែង​ប្រមាណ​១​គីឡូ​ម៉ែត្រ ក្នុង​កម្ពស់ពី ១​ម៉ែត្រ​៥០ ទៅ​១​ម៉ែត្រ​៦០។

ព្រម​ជា​មួយ​គ្នា​នេះ​ដែរ បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម ស្តីពី​ការព្យាករណ៍​អាកាស​ធាតុ​ពី​ថ្ងៃ​ទី១៨ កក្កដា នេះ រហូត​ថ្ងៃ​ទី២៤ ខែ​កក្កដា បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​មូសុង​និរតី​ខ្លាំង ព្រម​ជា​មួយ​នឹង​សម្ពាធ​ទាប​សកម្ម ដែល​កំពុង​បង្កើន​​ឥទ្ធិពល​លើ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ។

លក្ខណៈ​​បែប​នេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​កោះ​កុង និង​ខេត្ត​ព្រះ​សីហនុ នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ច្រើន។ ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ។

ដោយ​ឡែកបណ្តា​រាជធានី​-​ខេត្ត​ដទៃ​ទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close