​បាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ ក្រោយ​ចុះ​លេង​ទឹក​សមុទ្រ​នៅ​ឆ្នេរ​សមុទ្រ​កន្ទុយ​នាគ

សមត្ថកិច្ចក្រុង​ព្រះ​សីហនុ​បាន​ឲ្យ​ដឹងថា ជន​ជាតិ​ចិន​ម្នាក់​​បាន​បាត់​ខ្លួន ក្រោយ​ពី​បាន​ចុះ​ទៅ​ងូត​ទឹក​សមុទ្រ​ត្រង់​ចំណុច​ឆ្នេរ​កន្ទុយ​នាគ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ កាលពី​ព្រលប់​ថ្ងៃ​ទី១៩ កក្កដា ម្សិលមិញ​នេះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ជាតិ​ចិន​ដែល​បាន​បាត់​ខ្លួន​នោះ ឈ្មោះ LIU QIANG ភេទ​ប្រុស អាយុ​២៧ឆ្នាំ កាន់​លិខិត​ឆ្លង​ដែន លេខ E68478103 មាន​មុខ​របរ​ជាកម្ម​ករ​សំណង់។

តាម​មិត្ត​ភក្តិ​របស់​ជន​បាត់​ខ្លួន​ជាជន​ជាតិ​ចិន​បាន​ថ្លែង​ថា ពួក​គេ​មាន​គ្នា​៥​នាក់ នៅ​វេលា​កើត​ហេតុ​ខាង​លើ បាន​មក​លេង​ទឹក​នៅ​ឆ្នេរ​កន្ទុយ​នាគ​នេះ តែ​មួយ​សន្ទុះ​ក្រោយ​មក ជនរង​គ្រោះ​ក៏​បាន​រសាត់ឆ្ងាយ​ពី​ក្រុម​ប្រមាណ​៣​ម៉ែត្រ ដោយ​ទឹក​រលក​អូស​ទៅ។ ភ្លាម​នោះ ពួក​គេ​ក៏​បាន​រត់​រកពោង​ដើម្បី​​ជួយ តែ​មិន​ដល់​១​នាទី​ផង ក៏​បាត់​ជនរង​គ្រោះ​តែ​ម្តង។

ក្រោយ​មក កម្លាំង​នគរបាល​ប្រចាំ​ការ​តំបន់​នោះ​បាន​ទំនាក់​​ទំនង​ជា​មួយ​ក្រុម​ម៉ូតូ​ទឹក​ចំនួន​2​គ្រឿង​ មក​ធ្វើ​ការរុករក​ទី​តាំង​​ដែល​ជនរង​គ្រោះ​លង់​ទឹក​នោះ​ក៏​ពុំ​បាន​រក​ឃើញ។

យោង​តាម​សេចក្តី​រាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹងថា មកទល់​នឹង​វេលាម៉ោងប្រមាណ១១ថ្ងៃទី២០ កក្កដា នេះ សាកសពជនរងគ្រោះត្រូវបានគេរកឃើញហើយ​នៅខាងមុខឆ្នេរសណ្ឋាគារសុខាខេត្តព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close