២​ខែ កម្ពុជា រឹបអូស​បាន​ផលិតផល​ក្លែងក្លាយ​ទ្រង់ទ្រាយ​ធំ ជិត​១​រយ​តោន​

រយៈពេល​២​ខែ គឺ​អំឡុង​ខែ ឧសភា និង ខែកក្កដា ក្នុង​ឆ្នាំ​២០១៨ នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បានធ្វើការ​បង្ក្រាប និង​រឹបអូស​ផលិត​ផលិតផល​ក្លែងក្លាយ បាន​៨៨ តោន ។

នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ប្រធាន​ស្ថាប័ន​នេះ បាន​ប្រាប់​ក្រុមអ្នកកាសែត នៅក្នុង​សន្និសីទកាសែត​មួយ​ឯ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​០៦ សីហា ម្សិលមិញ​ថា ក្នុងអំឡុង​ខែឧសភា និង​កក្កដា ឆ្នាំ ២០១៨ នេះ សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ ធ្វើការ​បង្ក្រាប​បទល្មើស​បាន​ចំនួន​៤​ករណី​ធំៗ ដែល​ក្នុងនោះ​រួមមាន​៖

​ទី​១៖ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ បាន​ចុះបង្ក្រាប​ករណី​បើក​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់ ស្ថិតនៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដកហូត​បាន​វត្ថុតាង​ចំនួន​១០​មុខ ស្មើនឹង​៧​តោន ។​

​ទី​២៖ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ បាន​ចុះបង្ក្រាប​ករណី​បើក​ទីតាំង​ផលិត​ប៉ា​តេ មិន​អនុលោម​តាមច្បាប់ ស្ថិតនៅ​ផ្លូវលំ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដកហូត​បាន​វត្ថុតាង​ចំនួន​១៤​មុខ ស្មើនឹង​៥​តោន​។​

​ទី​៣៖ នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ បាន​ចុះបង្ក្រាប​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម​តាមច្បាប់ ស្ថិតនៅ​ផ្ទះ​លេខ​២E0 ផ្លូវ​២២៦ ភូមិ​១៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដកហូត​បាន​វត្ថុតាង​១៣​មុខ ស្មើនឹង​១៨​តោន​។​

​និង​ទី​៤៖​នៅ​ថ្ងៃទី​២០-២១ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ បាន​ចុះបង្ក្រាប​ករណី​នាំចូល ផលិត និង​វិច​ខ្ចប់​ក្លែងក្លាយ និង​ខុសច្បាប់ នូវ​ផលិតផល​ទឹក​សុទ្ធ​ម៉ាក Saint Amand, ទឹក​សុទ្ធ​ម៉ាក Evain, ស្រា​បៀ Corona និង​ផលិតផល​មួយទៀត ស្ថិតនៅ​ផ្ទះ​លេខ​១០៣B ផ្លូវលំ ភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ដកហូត​វត្ថុតាង​ចំនួន​១៣​មុខ ស្មើនឹង​៥៨​តោន​។​

បើតាម​ការបញ្ជាក់ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ថា ក្រុមការងារ​របស់លោក​ធ្វើការ​ចាត់វិធានការ តែ​បទល្មើស​ក្លែងក្លាយ​ក្នុង​ទ្រង់ទ្រាយ​ធំៗ​តែប៉ុណ្ណោះ , ចំណែក​បទល្មើស​ដែលមាន​ទំហំ​តូច គឺជា​សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close