មកទល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សង់បាន៦០ភាគរយហើយ
យោងតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការ«ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ» នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសាងសង់សម្រេចបាន ៦០ភាគរយហើយ។។
សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមស្ថាបនានៅខែមីនា ឆ្នាំ២០១៩ ហើយតាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២។
ផ្លូវល្បឿនលឿននេះ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ក្នុងទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារអាមេរិក។
ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។