ថៃ ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរអឺរ៉ុប ៨លាននាក់ ក្នុងឆ្នាំ២០២៥

ប្រទេសថៃកំពុងកំណត់គោលដៅទាក់ទាញផ្ញៀវទេសចរអឺរ៉ុបចំនួន ៨លាននាក់នៅឆ្នាំក្រោយ ដែលជាចំណែកខ្ពស់ថ្មីមួយ ខណៈក្រសួងទេសចរណ៍និងកីឡារបស់ប្រទេសនេះសន្យាថានឹងពន្លឿនកិច្ចប្រឹងប្រែងជាមួយក្រុមហ៊ុនអាកាសចរណ៍ និងឯកអគ្គរដ្ឋទូតនានាថានឹងមានការហោះហើរអន្តរជាតិឡើងវិញពេញលេញ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ស្ដីរបស់លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ ខណៈថ្លែងនៅក្នុងកម្មវិធីទីផ្សារទេសចរណ៍ពិភពលោក (WTM) ២០២៤ ដែលជាពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ធំបំផុតរៀបចំឡើងពីថ្ងៃទី ៥-៧ ខែវិច្ឆិកាថា៖ «អនាគតនៃវិស័យទេសចរណ៍ថៃមានភាពភ្លឺស្វាង ស្វាហាប់ និងពោរពេញដោយឱកាស។ យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សម្រួលដំណើរការផ្តល់ទិដ្ឋការ និងបង្កើនផលិតផលនិងសេវាកម្មថ្មីៗ ដើម្បីធានាថា ប្រទេសថៃនៅតែជាអ្នកនាំមុខគេក្នុងវិស័យទេសចរណ៍ពិភពលោក»។

បន្ទាប់ពីព្រឹត្តិការណ៍នេះ លោករដ្ឋមន្ត្រីនឹងអញ្ជើញឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសថៃដោយផ្តោតលើទីផ្សារធំៗដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា រួមជាមួយនឹងតំណាងក្រុមហ៊ុនអាកាសចរណ៍ផងដែរ ដើម្បីពិភាក្សាអំពីជើងហោះហើរ និងការត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៥ ជាពិសេសក្នុងអំឡុងរដូវកាលសម្បូរភ្ញៀវទេសចរ។

លោកបាននិយាយថា ក្រសួងទេសចរណ៍នឹងសហការជាមួយក្រសួងផ្សេងទៀតដូចជាក្រសួងដឹកជញ្ជូន និងក្រសួងហិរញ្ញវត្ថុសម្រាប់កម្មវិធីឧបត្ថម្ភធន ដូចជាតម្លៃប្រេងឥន្ធនៈ និងការកាត់បន្ថយពន្ធសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។

យោងតាមកាសែតបាងកកប៉ុស្តិ៍ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា នៅឆ្នាំនេះ ប្រទេសថៃរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរផ្លូវឆ្ងាយចំនួន ៩,៦លាននាក់ រួមទាំង ៧,៣លាននាក់មកពីអឺរ៉ុប។ ជាមួយនឹងចំនួនភ្ញៀវទេសចរផ្លូវឆ្ងាយដែលរំពឹងថានឹងទទួលបានចំនួន ១១លាននាក់នៅឆ្នាំក្រោយ ប្រាក់ចំណូលដែលទទួលបានពីក្រុមភ្ញៀវទេសចរនេះគួរតែមានច្រើនជាង ៨៩៦ពាន់លានបាត ដែលស្មើនឹង ៤០% នៃប្រាក់ចំណូលបរទេសសរុប ២,២ពាន់ពាន់លានបាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close