អាជ្ញាធរខេត្តកោះកុង បិទខ្ទប់ខ្នងផ្ទះ និងពង្រឹងវិធានសុខាភិបាល ក្នុងឃុំទាំង៥ នៃស្រុកស្រែអំបិល
ខេត្តកោះកុង៖ រដ្ឋបាលខេត្តកោះកុង បានសម្រេចបិទខ្ទប់ផ្ទះចំនួន ១៤ខ្នង ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីពង្រឹង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩។
ការបិទខ្ទប់នេះ រួមមាន៖ ឃុំជីខលើ ឃុំបឹងព្រាវ ឃុំស្រែអំបិល ឃុំដងពែង ឃុំជ្រោយស្វាយ នៃស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងអំឡុងពេលនេះ សមត្ថកិច្ចត្រូវហាមឃាត់ ការធ្វើអាជីវកម្មលក់ដូរប្រចាំថ្ងៃការបើកដំណើរការសាលារៀន (ទាំងសាលារដ្ឋនិងឯកជន ) ក្លឹបកំសាន្តគ្រប់ប្រភេទ អាជីវកម្មម៉ាស្សា ហាងលក់គ្រឿងស្រវឹង ខារ៉ាអូខេ រមណីយដ្ឋាន ។ល។ ហាមឃាត់ការជួបជុំដែលកកកុញឬការជួបជុំលើសពី១០នាក់ លើកលែងតែក្នុងករណីចាំបាច់ ។
សូមបញ្ជាក់ថា ចំនួនអ្នកកើតជំងឺកូវីដ-១៩ បានកើនដល់ជាង ១០០នាក់ហើយ សម្រាប់ភូមិសាស្ត្រស្រុកស្រែអំបិល គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។