ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច
កោះកុង ៖ បុគ្គលមានលុយ និងមានអំណាច មួយចំនួនកំពុងលួចកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋយ៉ាងអាណាធិបតេយ្យ ជិត១០០ហិចតា នៅក្នុងភូមិសាស្ត្រតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈអាជ្ញាធរ និងមន្ត្រីជំនាញនៅពុំទាន់បានចុះទប់ស្កាត់ និងបង្ក្រាបនៅឡើយ ។
បើតាមការបញ្ជាក់ពីពលរដ្ឋ បានអោយដឹងថា សកម្មភាពកាប់ទន្ទ្រាន និងឈូសឆាយដីព្រៃរបស់រដ្ឋខាងលើ ត្រូវបានធ្វើសកម្មភាពប្រមាណជា២ខែមកហើយ ពីសំណាក់ឈ្មោះ សៀង ឈី និងឈ្មោះ ងៀប មួយ ប្រពន្ធ អតីត អធិការនគរបាលស្រុកស្រែអំបិល ដោយមិនមានការចុះហាមឃាត់ និងទប់ស្កាត់ពីសំណាក់អាជ្ញាធរ និងជំនាញពាក់ព័ន្ធនៅឡើយ ។
ចំពោះបញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាបញ្ជូនមន្ត្រីជំនាញចុះពិនិត្យទីតាំងបំពានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខួចអោយបានឆាប់ ត្បិតការបំពាននេះមានរយះពេលប្រមាណជាង២ខែមកហើយ ដោយពុំឃើញមានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធណាមួយចុះហាមឃាត់ និងទប់ស្កាត់នោះឡើយ ។
ជុំវិញបញ្ហាចោទប្រកាន់ខាងលើ លោក សៀង ឈី បានបញ្ជាក់ថា ដីព្រៃដែលលោកឈូសឆាយនៅក្នុងឃុំដងពែងនេះ គឺលោកធ្វើការហ៊ុំព័ទ្ធដី ដែលមានផ្ទៃដីសរុបចំនួន៨៧ហិចតា ហើយដីនេះជាដីរបស់លោក ម៉ា ទី និងប្រពន្ធរបស់គាត់ រួមទាំងអ្នកភ្នំពេញ ។
លោក ជា ចន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានថ្លែងអោយដឹងតាមទូរស័ព្ទថា លោកពុំបានដឹងទាល់តែសោះចំពោះបញ្ហាលួចទន្រ្ទានដីព្រៃរបស់រដ្ឋ ដោយសាររូបលោកជាប់រវល់ខ្លាំងលើវញ្ហាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ហើយលោកនិងចាត់កម្លាំងអោយចុះទៅធ្វើការត្រួតពិនិត្យ លើករណីនេះ ។
ទោះជាយ៉ាងណាក្តី ភ្នាក់ងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ម៉ា ទី អតីត អធិការនគរបាលស្រុកស្រែអំបិល និងភរិយាបាននៅឡើយទេ ។
សូមបញ្ជាក់ថា កន្លងមក លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធ្លាប់បានព្រមានថា បុគ្គលណាដែលហ៊ានទន្រ្ទានដីព្រៃរបស់រដ្ឋ និងត្រូវឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ បើទោះជាបុគ្គលបំពានមានតួនាទីជាអ្វីក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។