វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម មាន​អង់​ទីករ​ប្រឆាំង​កូ​វីដ​១៩ ប​ម្លែ​ង​ថ្មី ដែល​តា​

​សារព័ត៌មាន Global Times នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៩ ខែសីហា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន Sinopharm បាន​អះអាងថា វ៉ាក់សាំង​បង្ការ COVID-19 របស់ខ្លួន​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អាចបង្កើត​អង់​ទីករ​ដ៏​រឹងមាំ ប្រឆាំង​វីរុស​បំប្លែង​ថ្មី Delta​។​

​លោក Yang Xiaoming ប្រធាន​ក្រុមហ៊ុន​ជាតិ ស៊ី​ណូ​ហ្វា​ម បាយ​អូ​ធិ​ច (Sinopharm China National Biotec Group) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់ ក្រុមហ៊ុន Sinopharm បាន​រកឃើញថា វ៉ាក់សាំង​របស់ខ្លួន​គឺ Sinopharm អាចបង្កើត​អង្គ​បដិបក្ខ ឬ​អង់​ទីករ ម៉ូ​ណូ​ក្លូ​ណា​ល់ (monoclonal antibody) ដែល​អាច​រារាំង​ការតភ្ជាប់​របស់​វីរុស​កូ​រ៉ូ​ណា ទៅកាន់​អង់​ហ្ស៊ី​ម​ម្យ៉ាង​ដែល​គេ​ស្គាល់​ថា ACE 2 (Angiotensin-converting enzyme 2)​។​

​អង់​ហ្ស៊ី​ម ACE 2 នេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កោសិកា​ជាច្រើន ដែលមាន​ទីតាំង​នៅក្នុង ពោះវៀន​, តម្រងនោម​, ពងស្វាស​, ថង់​ប្រមាត់ និង​បេះដូង ហើយ​អង្គ​បដិបក្ខ​ម៉ូ​ណូ​កូ​ណា​ល់ monoclonal អាច​ទប់ទល់​វីរុស COVID-19 បំប្លែង​ថ្មី Delta មិន​ឲ្យ​ឆ្លង​ចូលដល់​កោសិកា​ទាំងនេះ ព្រមទាំង​អាច​កាត់បន្ថយ​ការ​លាក​សួត បង្កឡើង​វីរុស​បំប្លែង​ថ្មី​នេះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​វីរុស​បំប្លែង​ថ្មី Delta បាននិងកំពុង​រ៉ាប់រង​ករណី​ឆ្លង COVID-19 ថ្មីៗ​នៅ​ជុំវិញ​ពិភពលោក ក៏ដូចជា​បាន​បង្ខំ​ឱ្យ​បណ្ដា​ប្រទេស​ជាច្រើន សូម្បីតែ​សហរដ្ឋអាមេរិក ត្រូវ​បង្ខំចិត្ត​ដាក់ចេញ​វិធានការ​រឹតត្បិត​ជាថ្មី​ឡើងវិញ​។ ដោយឡែក​ប្រទេស​ចិន នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ក៏បាន​រកឃើញ​ករណី​ឆ្លង COVID-19 បំប្លែង​ថ្មី Delta នេះ​ផងដែរ ដែល​វា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ចិន កំណត់​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង ណាន​ជី​ង ម៉ា​កាវ និង វូ​ហាន ក្រោយ​ករណី​ឆ្លង​ថ្មីៗ​ជា​បន្តបន្ទាប់ បាន​ផ្ទុះឡើង​នៅ​តំបន់​ទាំងនោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close