ក្រុមហ៊ុន​រុស្ស៊ី​ចំនួន​៣ រង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក ដោយ​ជាប់​ពាក់ព័ន្ធ​ការលក់​អាវុធ​ឲ្យ​អ៊ីរ៉ង់​

​ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​ដាក់ទណ្ឌកម្ម ក្រុមហ៊ុន​រុស្ស៊ី​ចំនួន​៣​ទៀត តាមច្បាប់​មិន​រីក​សាយភាយ​អាវុធ​បរមាណូ ។ សកម្មភាព​ខាងលើ​ត្រូវបាន​រុស្ស៊ី​ចាត់ទុកថា​ជាការ​រារាំង ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។​

​ក្រុមហ៊ុន​ដែល​រង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក មាន ក្រុមហ៊ុន​ស្រាវជ្រាវ និង​ផលិត Pulsar ក្រុមហ៊ុន Green Light Moscow និង​ក្រុមហ៊ុន Asia Invest ។ តាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ក្រុមហ៊ុន​ទាំងនោះ​បាន​បំពាន​ច្បាប់ មិន​រីក​សាយភាយ​អាវុធ​សម្លាប់​មនុស្ស​ជាច្រើន ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់ កូរ៉េខាងជើង និង​ស៊ី​រី​។​

​នៅក្នុង​បញ្ជីខ្មៅ​ដែល​អាមេរិក​ដាក់ទណ្ឌកម្ម មាន​ទាំង​កម្លាំង​ទាហាន Asaib Ahl al-Haqq , កម្លាំង​ទាហាន​ក្រុម Shiite គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រុម Kataib Hezbollah ស្និទ្ធ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ក្រុម​Shiite នៅ​លី​បង់ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចំនួន​ពីរ​នៅក្នុង​ប្រទេស​ស៊ី​រី ។​

​នៅក្នុង​សេចក្តីប្រកាស​នៅ​ឡើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អាមេរិក លោក Anatoly Antonov បាន​បញ្ជាក់ថា ការដែល​អាមេរិក​ដាក់ទណ្ឌកម្ម​បន្ថែម​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រឈមមុខ​តានតឹង ដែលជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។​

​កាលពី​ពាក់កណ្តាល​ខែមិថុនា នៅ​ទីក្រុង​ហ្សឺ​ណែវ មាន​ជំនួប​ពិ​ភក្សា រវាង​ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន និង​ប្រធានាធិបតី​ពូ​ទីន​។ មេដឹកនាំ​ង​ទាំងពីរ​បាន​ពិភាក្សា ទៅលើ​បញ្ហា​ជាច្រើន ក្នុងនោះ​មាន​ស្ថេរភាព​យុទ្ធសាស្ត្រ​និង​កែទម្រង់​ទំនាក់ទំនង​ទ្វេភាគី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close