កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១

​ភ្នំពេញ​៖ កម្ពុជា​បានជ្រើសរើស​យក​ខេត្ត​ព្រះសីហនុ​ជាទី​កន្លែង ដើម្បី​ប្រារព្ធ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃទី​១-២ ខែធ្នូ ឆ្នាំ​២០២១​។

​ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​ប្រធាន​ប្រតិភូ​កម្ពុជា​បាន​ឲ្យ​ដឹងថា មហាសន្និបាត​សមុទ្រ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​៖ Charting a New Decade of HOPE -Healthy Oceans, People and Economies ដែលមាន​គោលបំណង​សំខាន់ៗ រួមមាន​៖
– ចែករំលែក​មេរៀន​ជា​បទពិសោធន៍ តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក និង​ពង្រីក​បន្ថែម​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
– បង្កើត​និង​រៀបចំ​ឡើងវិញ​នូវ​យន្តការ​គ្រប់គ្រង​ដែលមាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត សម្រាប់​ភាពជា​ដៃគូ​ក្នុង​តំបន់ តាមរយៈ​បច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្ត​ភាព​នៃ​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ​
– កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទស្សវត្ស​ន៍​ខាងមុខ ដោយ​អនុលោម​ទៅតាម​ផែនការ​មួយ​ទសវត្សរ៍ របស់​អង្គការសហប្រជាជាតិ នៃ​វី​ទ្យា​សាស្ត្រ​មហាសមុទ្រ របៀបវារៈ​របស់​អង្គការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវៈចម្រុះ​សកល​ក្រោយ​ឆ្នាំ​២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​។​

​ឯក​ឧ​ត្ត សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ផែនការ​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ នា​រសៀល​ថ្ងៃ​អង្គារ ទី​១០ ខែសីហា ឆ្នាំ​២០២១ បាន​ណែនាំ​ឲ្យ​ក្រុមការងារ​នីមួយៗ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន ដោយ​សហការ​រៀបចំ​ជាមួយ​អង្គការ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​តំបន់​សមុទ្រ​អាស៊ី​បូព៌ា (PEMSEA) ប្រទេស​ជា​សមាជិក និង​ដៃគូរ​អភិវឌ្ឍន៍ ដើម្បីឱ្យ​មហាសន្និបាត​សមុទ្រ​ឆ្នាំនេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​បង្កើន​មោទនភាព​ជាតិ​កម្ពុជា​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា ការងារ​ផ្សព្វផ្សាយ​នៃ​ជំហាន​ឆ្ពោះទៅ​កិច្ចប្រជុំ ពិត​ជាមាន​សារៈសំខាន់​ទាក់ទង​នឹង​វិស័យ​បរិស្ថាន​សមុទ្រ ដែល​ពិភពលោក​កំពុង​យកចិត្តទុកដាក់​និង​ជា​ឱកាស​ដែល​កម្ពុជា​បង្ហាញ​ការចូលរួមចំណែក​ដោះស្រាយ​ក្នុង​បញ្ហា​ប្រឈម​តំបន់​និង​អន្តរជាតិ រួមជាមួយ​ការប្តេជ្ញាចិត្ត​ខ្ពស់​លើ​ការគ្រប់គ្រង​បរិស្ថាន​និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

​សូម​បញ្ចា​ក់ថា រាជរដ្ឋាភិបាល​ឯកភាព​ជាគោលការណ៍​អនុញ្ញាតឱ្យ​ក្រសួងបរិស្ថាន ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​រយៈពេល ០២​ថ្ងៃ (​ថ្ងៃទី​១-២ ខែធ្នូ ឆ្នាំ​២០២១) នៅ​ខេត្ត​ព្រះសីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ប្រព័ន្ធ​អន​ឡាញ និង​អនុវត្តតាម​វិធាន​សុខាភិបាល​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close