ក្រសួងកសិកម្ម បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការធ្វើ​វារីវប្បកម្ម នៅ​កម្ពុជា​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ដោយសារ​មានការ​ប្រែប្រួល​របប​ទឹកជំនន់​, ការផ្លាស់ប្តូរ​ស្ថានភាព​កម្រិត​កំពស់​ដី​(​ដីដុះ និង​គោ​គរាក់​ព្រែក និង​បឹងបួរ​) កំណើនប្រជាជន​និង​សេដ្ឋកិច្ច ហើយ​និង​ការ​រី​ចំរើន​ទីក្រុង​និង​លំនៅឋាន ក្នុង​រយៈពេល​មួយ​ទស្សវត្ស​ចុងក្រោយ​នេះ សកម្មភាព​វារីវប្បកម្ម​មាន​ការវិវត្ត និង​ទទួលបាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ទន្ទឹមនឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល ជាមួយ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​វា​រី​វប្បករ​ក្នុង​ការធ្វើ​វារីវប្បកម្ម​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ ដែល​ធ្វើឱ្យ​ទិន្នផល​វារីវប្បកម្ម​មាន​ការកើនឡើង​ជា​លំដាប់​។

​ទន្ទឹមនឹងនេះ ការធ្វើ​វារីវប្បកម្ម​ក៏បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ផងដែរ​ក្នុង​ឆ្នាំ​២០២០ នៅ​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​កម្មវិធី​ជួបជុំ​ដូចជា ការរៀប​អាពាហ៍ពិពាហ៍ បុណ្យទាន​ផ្សេងៗ កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន​មួយ​មួយចំនួន​ត្រូវបាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ដែល​បានធ្វើឱ្យ​តម្រូវការ​ត្រី​សាច់មាន​ការថយចុះ គួបផ្សំ​ផលិតផល​វារីវប្បកម្ម​ក្នុងស្រុក​មិនអាច​ធ្វើការ​ប្រកួតប្រជែង​បានជា​មួយ​ការ​នាំចូល​ត្រី​ពី​ប្រទេសជិតខាង ដែលជា​ហេតុ​ធ្វើឱ្យ​វា​រី​វប្បករ​ជួប​ការលំបាក​ក្នុង​ការរក​ទីផ្សារ​។
​ក្នុង​បរិ​កា​នេះ យើង​ក៏បាន​សង្កេតឃើញថា វិស័យ​ឯកជន និង​វា​រី​វប្បករ​ដែល​ប្រកបរ​បរវា​រីរ​ប្ប​កម្ម​ខ្នាត​ធំ​បាន​ជួបប្រទះ​នូវ​បញ្ហា​ការកកស្ទះ​ត្រី ដោយ​ពួកគាត់​ផលិត​ត្រី​បាន​ហើយ ប៉ុន្តែ​គ្មាន​ឈ្មួញ​មក​ទិញ ឬ​លក់បាន​ក្នុងតម្លៃ​ទាប​ជាង​ថ្លៃដើម​ផលិត​។

​បញ្ហា​នេះ​ធ្វើឱ្យមាន​ការអូសបន្លាយ​រហូតដល់​ឆ្នាំ​២០២១ ដែល​វិស័យ​ឯកជន​មួយចំនួន​មាន​លក្ខណៈ​នឿយណាយ និង​ប​ន្យា​ពេល​ក្នុងការ​ដាក់​កូន​ត្រី​ពូជ​ចិញ្ចឹម​បន្ត​។ ចំណែកឯ​ការធ្វើ​វារីវប្បកម្ម​ខ្នាតតូច និង​មធ្យម​នៅ​ដំណើរ​ការធម្មតា ព្រមទាំង​មាន​សន្ទុះ​កើនឡើង ដោយ​ទទួលបាន​ការគាំទ្រ​តាមរយៈ​រាជរដ្ឋាភិបាល និង​គម្រោង​អភិវឌ្ឍន៍​នានា ទៅលើ​ការចិញ្ចឹម​ត្រី​អណ្តែង ឬ​កង្កែប​ក្នុង​តង់​ប្លា​ស្ទីក ការចិញ្ចឹម​ត្រី ឬ​បង្កង ក្នុង​ស្រែ ការចិញ្ចឹម​ត្រី​ក្នុង​ប្រព័ន្ធធារាសាស្ត្រ​ជាដើម​។

នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការកកស្ទះ​ផល ផលិតផល​វារីវប្បកម្ម​នេះ វា​រី​វប្បករ​មួយចំនួន បាន​ងាក​ផ្តោតទៅលើ​ការងារ​កែច្នៃ​បន្ថែម ដូចជា ការកែច្នៃ​ត្រីឆ្អើ ត្រីងៀត ត្រី​ប្រា​ហើម ផ្អក ប្រហុក​ជាដើម ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ត្រី ធ្វើ​សមាហរណកម្ម​ផលិតផល​វារីវប្បកម្ម​កែច្នៃ​ទៅក្នុង​ទីផ្សារ និង​បន្ថែម​តម្លៃ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​។

​សូមជម្រាបថា ផល​វារីវប្បកម្ម​ទទួល​បាន​គិតពី​ថ្ងៃទី​១ ខែមករា ដល់​បច្ចុប្បន្ន​​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​បច្ចុប្បន្ន ផល​សរុប​វារីវប្បកម្ម​ទទួលបាន​មាន​ចំនួន ១៥១,៤៥៧.២៨​តោន និង​កូន​ពូជ​វា​រី​សត្វ​គ្រប់​ប្រភេទ​ចំនួន ២៣៨ ៧៥៩ ៩៥២​កូន​។ ផល​សរុប​នេះ បានមកពី​វារីវប្បកម្ម​ទឹកសាប រួមមាន​៖ ត្រី​ប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទី​ឡា​ព្យា ត្រី​ចម្រុះ កង្កែប កន្ធាយ បង្កង​ទឹកសាប បង្កង​អូស្ត្រាលី អន្ទង់​ទឹកសាប​ជាដើម និង​វារីវប្បកម្ម​សមុទ្រ​រួមមាន ត្រី​ឆ្ពង់ ត្រី​តុកកែ បង្គា ក្តាមថ្ម គ្រែង​ឈាម សារាយសមុទ្រ គ្រំចំពុះទា ត្រី​ផ្ទក់​សមុទ្រ និង​គ្រែង​ឈាម​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close