ថ្ងៃទី២០ ខែកក្កដា ស្រីលង្កា នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី
សភាស្រីលង្កា នឹងជួបប្រជុំជាថ្មីឡើងវិញនៅថ្ងៃទី១៥ខែកក្កដា នឹងចាប់ផ្តើមបោះឆ្នោតប្រធានាធិបតីថ្មីដើម្បីដឹកនាំប្រទេសនៅថ្ងៃទី ២០ខែកក្កដា ។
ប្រធានរដ្ឋសភាស្រីលង្កា លោក Mahinda Yapa Abeywardena បានប្រកាសព័ត៌មានខាងលើនៅថ្ងៃទី ១១ខែកក្កដា ក្នុងពេលប្រទេសនេះកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ បង្កឲ្យមានបាតុកម្ម អូសបន្លាយយ៉ាងយូ ប្រឆាំងនយោបាយដឹកនាំរបស់ប្រធានាធិបតី។
វិបត្តិសេដ្ឋកិច្ច និងការធ្វើបាតុកម្ម បង្ខំឲ្យប្រធានាធិបតី ស្រីលង្កាលាលែងចេញពីតំណែង ។ តាមគម្រោង ប្រធានាធិបតី Gotabaya Rajapaksa នឹងលាលែងចេញពីតំណែងនៅថ្ងៃទី ១៣ខែកក្កដា ហើយនៅថ្ងៃទី ១៩ខែកក្កដា សភា នឹងប្រកាសបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតីដើម្បីបោះឆ្នោតជ្រើសរើស។
នៅថ្ងៃទី ១០ ខែកក្កដា បណ្តាគណបក្ស ប្រឆាំងស្រីលង្កាបានជួបប្រជុំគ្នា ដើម្បី សម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងពេលពលរដ្ឋរាប់សិបពាន់នាក់ដង្ហែរក្បួនបាតុកម្មនៅក្នុងរដ្ឋធានី កូឡំបូ។
ស្រីលង្ការបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច កង្វះស្បៀងអាហារ និងថាមពល ដោយសារតែប្រទេសនេះមិនមានប្រាក់ដុល្លារដើម្បីនាំចូលទំនិញពីក្រៅប្រទេស។ តម្លៃទំនិញនៅក្នុងប្រទេសនេះកើនឡើង៣ដងក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។