អ្នកជំនាញ កំពុងជួសជុលប្រាសាទទ្រមូង ឱ្យរឹងមាំឡើងវិញ

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។ ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។

បុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ ឱ្យដឹងថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០-៣០ភាគរយប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០ភាគរយដែរ។

ដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។

ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។ លោក ជា សារិទ្ធ បញ្ជាក់ថា តាមការចុះបញ្ជីកន្លងមក អាចឱ្យដឹងថា ថ្មដែលនៅរាយប៉ាយលើដី នាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់៥០០ដុំ ផ្នែកខាងជើងមានចំនួន៦០០ដុំ។ ថ្មទាំងនោះ បានកំណត់អត្តសញ្ញាណរួចហើយមានដូចជា ថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។ល។

បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាលនៃការពង្រឹងខឿន គ្រឹះរបស់តួប៉មកណ្តាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close