កម្ពុជា ត្រូវ​ចាំ​ដល់​ឆ្នាំ​២០២៦ ឬ​២០២៧ ទើប​ទេសចរ​អន្តរជាតិ​វិល ទៅរក​កំណើន​ដូច​ឆ្នាំ​២០១៩ វិញ​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​កម្ពុជា ត្រូវ​ចាំ​អ៊ុត​ដល់​ឆ្នាំ​២០២៦ ឬ​ឆ្នាំ​២០២៧ ទើប​ស្ថានភាព​និង​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​វិល ទៅរក​កំណើន​ដូច​កាលពី​ឆ្នាំ​២០១៩ ដែល​មិនទាន់មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​រីក​រាលដាល ខណៈ​ភាព​រឹង​ស្ទះ​ដល់​ការទាក់ទាញ​កំណើន​នេះ គឺ​ដោយសារ​វិបត្តិ​ធំៗ​របស់​សកលលោក​, នេះ​បើតាម​ការវាយតម្លៃ​រប​ស់​ក្រសួងទេសចរណ៍​។​



គួរ​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៦.៦​លាន​នាក់ កើនឡើង​៦.៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ប៉ុន្តែ​ដោយសារ​នាពេល​បន្ទាប់​ក​ម្ពុ​ជា​ត្រូវ​ជួបនឹង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចំនួន​ភ្ញៀវទេសចរ​ក៏ត្រូវ​ធ្លាក់ចុះ​ជា​លំដាប់ ជាក់ស្ដែង​នៅ​ឆ្នាំ​២០២០ មាន​ភ្ញៀវ​អន្តរជាតិ​តែ​១.៣​លាន​នាក់ ធ្លាក់ចុះ​-៨០.២% ហើយ​នៅ​ឆ្នាំ​២០២១ ទទួលបាន​១៩​ម៉ឺន​នាក់ ថយចុះ​-៨៥%​។ ទាំងនេះ​គឺ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​។​

នៅក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងទេសចរណ៍ និង​លើក​ទិសដៅ​ផែនការ​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល​ទី​២ (​ឆមាស​ទី​២ ឆ្នាំ​២០២២-២០២៣) នា​ថ្ងៃទី​១២-១៣ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា «​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​ចក្ខុវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​ថា នឹង​អាច​វិល​ទៅរក​សភាព​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​ទេសចរណ៍​ឆ្នាំ​២០១៩​វិញ នៅក្នុង​ឆ្នាំ​២០២៦»​។​

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​រូបនេះ​បាន​បញ្ជាក់ថា សម្ពាធ​ពី​កត្តា​ខាងក្រៅ​មួយចំនួន​ដែល​យើង​កំពុង​ជួប​នោះ មានដូចជា​ចរន្ត​នៃ​ការធ្វើដំណើរ​ទេសចរ​ចេញ​ក្រៅ​សំខាន់ៗ លទ្ធភាព​នៅក្នុង​ការផ្លាស់​ប្តូរ​គោលនយោបាយ​គ្មាន​កូ​វីដ​-១៩ (Zero-COVID Policy) របស់​ប្រទេស​ចិន​នៅក្នុង​ពេលខាងមុខ ឥទ្ធិពល​នៃ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បានធ្វើឱ្យ​មានការ​ថមថយ​អំណាច​ទិញ គឺ​សុទ្ធ​បាន​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រគោល​ដៅ​នៃ​ការតភ្ជាប់​មកកាន់​កម្ពុ​ជា​ទាំង​តាមផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក​។ ម្យ៉ាងទៀត ការប្រកួតប្រជែង​ស្រួចស្រាល​ពី​ប្រទេសជិតខាង​ដែលជា​គោលដៅ​ទាក់ទាញ​ទេសចរ​ពី​ប្រភព​ទីផ្សារ​ដូចគ្នា និង​ការផ្លាស់ប្តូរ​ឥរិយាបទ​នៃ​ការធ្វើដំណើរ​របស់​ទេស​ចរ​ជា​សកល​ផង​នោះ ក៏​ជា​កត្តា​រួមចំណែក​រាំងស្ទះ​ក្នុងការ​ទាក់ទាញ​កំណើន​នេះដែរ​។ សម្ពាធ​ពី​កត្តា​ខាងក្រៅ​ទាំងនេះហើយ​ដែល​អាច​នឹង​ធ្វើឱ្យ​ចក្ខុវិស័យ​ទេសចរណ៍​មានការ​ប្រែប្រួល អាច​ឈានដល់​ការពន្យារពេល​នៃ​ការ​ងើប​ទ្បើង​វិញ​ទៅរក​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៩ ដែល​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០២៦ ឬ​ឆ្នាំ​២០២៧​។​

​ទោះបីជា​កម្ពុជា​ទទួលរ​ង​នូវ​វិបត្តិ​សកលលោក​យ៉ាងនេះ​ក្ដី ប៉ុន្តែ​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ស្មារតី​បុ​រេ​សកម្ម និង​ហ្មត់ចត់ តាមរយៈ​ការដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​កម្ពុជា​ពិតជា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​បានល្អ​ប្រសើរ គួបផ្សំ​នឹង​ការដាក់ចេញ​នូវ​គោលនយោបាយ​ជំនួយ​សេដ្ឋកិច្ច​-​សង្គម​ទាន់ពេលវេលា រួមមាន គោលនយោបាយ​លើកលែង​ពន្ធអាករ ការលើកលែង​កម្រៃ​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​កម្មវិធី​ជំនួយ​សាច់ប្រាក់​ដល់​ជនក្រីក្រ​ផង​នោះ ពិតជា​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​ប្រកបដោយ​សុវត្ថិភាព និង​បៃតង​ក្នុង​តំបន់ និង​សកលលោក ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ក្នុង​តំបន់​ដែល​បាន​មាន​លក្ខខណ្ឌ​ធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​មាន​ភាពងាយស្រួល និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ទេសចរ​ជាតិ​-​អន្តរជាតិ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក​រដ្ឋលេខាធិការ​ប្រចាំការ ទិ​ត ចន្ថា​។​

​ឯកឧត្ដម​បានលើកឡើង​ទៀតថា ស្ថិតក្នុង​បរិការណ៍​នៃ​ភាពមិនច្បាស់លាស់​នេះ ការចូលរួម​មិនអាច​ខ្វះ​បាន​របស់​គ្រប់ភាគី​ពាក់ព័ន្ធ ដោយ​ឈរលើ​គោលការណ៍​ចតុ​ភាគី​រដ្ឋ​-​ឯកជន​-​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​-​ដៃគូ​នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី នឹង​ក្លាយជា​ចលករ​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​វិល​មករក​ភាព​ដើម​វិញ ស្របតាម​ចក្ខុវិស័យ​ដែល​បានចែង​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

បើតាម​ឯកឧត្ដម ទិ​ត ចន្ថា ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​របស់​ស្ថាប័ន អង្គភាព ផ្នែក​ឯកជន និង​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​និង​អនុវត្ត​សម្រេច​ផែនការ​សកម្មភាព​លម្អិត​ដែល​មានចែង​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដំណាក់កាល​ទី​១ បាន​ប្រមាណ​ជិត​៧០​ភាគរយ និង​កំពុង​បន្ត​អនុវត្ត​បញ្ចប់​ផែនការ​ដំណាក់កាល​ទី​១ និង​បន្ត​អនុវត្ត​ផែនការ​ដំណាក់កាល​ទី​២​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានទៅ​ស្រោចស្រង់​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​វិល​មករក​សភាព​ដើម​វិញ​ឱ្យបាន​ឆាប់​បំផុត និង​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ចូលរួម​ដល់​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ និង​តម្លៃបន្ថែម​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​គ្រប់រូប​។​

​គួរ​ជម្រាប​ថា សម្រាប់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់ កើនឡើង ៣៩៤ % ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ តែ​នៅ​ថយចុះ​-៨៤.៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ (​មុន​វិបត្តិ​)​។ កម្ពុជា​រំពឹងថា​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​រង្វង់​១​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២២​នេះ និង​ប្រមាណ​២​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ ជា​ឆ្នាំ​ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៣២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close