ជំងឺ​អុត​ស្វា កើន​ដល់​ជាង ១៨​ពាន់​ករណី​ហើយ ក្នុង​៧៨​ប្រទេស ភាគច្រើន​នៅ​អឺរ៉ុប

​ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា ករណី​ជំងឺ​អុត​ស្វា​ច្រើនជាង ១៨០០០​ករណី​ហើយ ដែល​ត្រូវបាន​រាយការណ៍​មាននៅ​ទូទាំង​ពិភពលោក ពោលគឺ​ប្រទេស​ចំនួន ៧៨ ដែល​ភាគច្រើន​នៅ​អឺរ៉ុប​។​

​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ពុធ​ទី​២៧ កក្កដា ថា ជាង ៧០​ភាគរយ​នៃ​ករណី​ដែល​បាន​រាយការណ៍​គឺ​ស្ថិតនៅក្នុង​សហភាព​អឺរ៉ុប និង ២៥​ភាគរយ​នៅ​អាមេរិក​។ មាន មនុស្ស ស្លាប់ ៥ នាក់ ព្រោះ​ជំងឺ​នេះ ត្រូវ បាន គេ រាយការណ៍ ថា មាននៅ​អាហ្វ្រិក ។​

ប្រធាន​ទីភ្នាក់ងារ​មួយ​នេះ បាន​និយាយថា ៩៨​ភាគរយ​នៃ​ករណី​ពាក់ព័ន្ធ​នឹង​បុរស​ដែល​រួមភេទ​ជាមួយ​បុរស​។ លោក​បាន​និយាយថា ជំងឺ​អុត​ស្វា​អាច​ឆ្លង​តាមរយៈ​ការទំនាក់ទំនង​ជិតស្និទ្ធ​រវាង​មនុស្ស និង​នៅលើ​កន្សែង ឬ​ពូក​ដែលមាន​មេរោគ​។​

​អង្គការ​សុខភាព​ពិភពលោក កាលពី​សប្តាហ៍​មុន បានប្រកាស​ពី​ការផ្ទុះ​ឡើង​នៃ​មេរោគ​ជាស​កល​នេះ​ថា ជា “​ភាពអាសន្ន​សុខភាព​សាធារណៈ​នៃ​ការព្រួយបារម្ភ​ជា​អន្តរជាតិ​” ។ ប្រភព​ថា ជំងឺ​អុត​ស្វា បាន​រីក​រាលដាល​នៅ​ជុំវិញ​ពិភពលោក​យ៉ាង​ឆាប់រហ័ស ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close