រុស្ស៊ី ស្នើ​អង្គការសហប្រជាជាតិ​កោះរ​ប្រជុំ​ជាបន្ទាន់​ស្តីពី​បញ្ហា​រោងចក្រ​អគ្គិ​ស​នី​បរមាណូ​

​រុស្ស៊ី​បានស្នើ​ដល់​អង្គការសហប្រជាជាតិ កោះប្រជុំ​ជាបន្ទាន់​នៅ​ថ្ងៃទី​១១​ខែសីហា​ពាក់ព័ន្ធ​ករណី​វាយប្រហារ​ទៅលើ​ទីតាំង​រោងចក្រ​អគ្គិសនី​បរ​មា​ណូ Zaporozhye ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ។​

សារព័ត៌មាន​រុ​ស្ស៉ី TASS នៅ​ថ្ងៃ​ពុធ ទី​១០ ខែសីហា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា ប្រទេស​រុ​ស្ស៉ី​បានស្នើ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃទី​១១ ខែសីហា ជុំវិញ​ការវាយប្រហារ​របស់ អ៊ុយ​ក្រែ​ន លើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia​។​

​រុ​ស្ស៉ី​បាន​អះអាងថា ទីក្រុង​កៀវ​បានធ្វើការ​វាយប្រហារ​ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត ម្តង​ហើយ​ម្តងទៀត​សំដៅលើ​ទីតាំង​រោងចក្រ ហ្សា​ប៉ូ​រី​ស​ហ្ស៉ី​យ៉ា ដែលជា​រោច​ក្រ ថាមពល​ដ៏​ធំ​បំផុត​ក្នុង​តំបន់​អឺរ៉ុប កាលពី​ថ្ងៃទី​៧ ខែសីហា ហើយ​នៅមុន​នោះ​គឺ​នៅ​ថ្ង​ទី​៥ និង​ទី​៦ ខែសីហា កងកម្លាំង​អ៊ុយ​ក្រែ​ន​ក៏បាន​ទម្លាប់​គ្រាប់បែក​ក្បែរ ទីតាំង​នេះ​ផងដែរ​។ បេសកជន​រុ​ស្ស៉ី​ប្រចាំ UN បាន​ប្រាប់​សារព័ត៌មាន TASS ឲ្យ​ដឹងថា «​រុ​ស្ស៉ី​បានស្នើ​សុំ​ឲ្យ​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ UN នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ទាក់ទង​នឹង​ការវាយប្រហារ​ថ្មី​ចុងក្រោយ​របស់​អ៊ុយ​ក្រែ​ន​លើ​រោងចក្រ ហ្សា​ប៉ូ​រី​ស​ហ្ស៉ី​យ៉ា និង​ផល​វិ​បាល​នៃ​មហន្តរាយ​ដែល​អាច កើតចេញពី​សកម្មភាព​នេះ​»​។​

​ជាមួយគ្នានេះ រុស្ស៊ី​ក៏បាន​ស្នើសុំ​ឱ្យមាន​ការចូល​រួម​ពី​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) លោក រ៉ា​ហ្វា​អែល ហ្គ្រូ​ស៉ី (Rafael Grossi)​។​

​កាលពី​ថ្ងៃទី​២២ ខែមីនា​កន្លងទៅនេះ រោងចក្រ​ថាមពល​ហ្សា​ប៉ូ​រី​ស​ហ្ស៉ី​យ៉ា​របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​កងទ័ព​រុស្ស៊ី​ដណ្តើម​គ្រប់គ្រង​បាន ហើយ​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់ថា​រុ​ស្ស៉ី​កំពុង​ប្រើប្រាស់​រោងចក្រ​នេះ​ជា​ខែល​នុយក្លេអ៊ែរ ដើម្បី​វាយប្រហារ​លើ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ បច្ចុប្បន្ន រោងចក្រ​មួយ​នេះ ដំណើរការ​ក្នុង​សមត្ថភាព​ផលិត​ថាមពល ៧០%៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close