កម្ពុជា​-​សហរដ្ឋ​អាម៉េរិក បន្ត​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​-​វិនិយោគ ទោះបី​ប្រឈម​នឹង​ឧបសគ្គ​មួយចំនួន​

​ភ្នំពេញ​៖ នា​១០ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម បួន សារៈ​មុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក (USTR) ដឹកនាំ​ដោយ​លោកស្រី Wallis Yu នាយក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ក្រោម​កិច្ចសម្របសម្រួល​ដោយ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​បច្ចុប្បន្នភាព​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ នៅ​កម្ពុជា​។​

​ក្នុងជំនួប​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើងថា ទោះបី​ស្ថិតក្នុង​ស្ថានភាព​រីក​រា​ល​ដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​ក្តី ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​សហរដ្ឋអាមេរិក​មាន​ចំនួន ៦.២​ប៊ី​លាន​ដុល្លារ​អាម៉េរិក ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២ ដែលជា​ការកើនឡើង​ក្នុង​អត្រាកំណើន ៦១.៥៤% ធៀប​នឹង ៦​ខែ ដើមឆ្នាំ​២០២១​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បន្តថា កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បរិយាកាស​ពាណិជ្ជកម្ម​-​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ និង​អំណោយផល​ដល់​វិនិយោគិន​អន្តរជាតិ​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។ បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​លើកឡើង​អំពី​វឌ្ឍនៈ​ភាពជា​វិជ្ជមាន​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​កំពុងមាន​សន្ទុះ​ខ្លាំងក្លា រួមមាន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) និង​បច្ចេកវិទ្យា​នៃ​ការទូទាត់​ឆ្លង​ប្រទេស​ដោយ​ប្រើ QR Code ជាដើម ដែល​ទាំងអស់នេះ បាន​ជួយ​រួមចំណែក​បង្ក​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ដែល​បាន​ផ្តល់ជំនួយ​ឧបត្ថម្ភ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ព្រមទាំង​បា​នប​ញ្ចូ​នវ​ត្ថុ​បុរាណ​មកកាន់​កម្ពុជា ដែលជា​មាតុប្រទេស​វិញ ក្នុងពេល​ថ្មីៗ​នេះ​។​

​ជាការ​ឆ្លើយតប លោកស្រី Wallis Yu ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​គឺ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែល​បានធ្វើការ​សម្របសម្រួល​អន្តរក្រសួង​ដើម្បីឱ្យ​កម្ពុជា​សម្រេច​ទទួលយក​ស្តង់ដារ​យានយន្ត​សហរដ្ឋ​អាម៉េរិក ជាហេតុ​ធ្វើឱ្យ​កម្ពុជា​បានក្លាយ​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​យានយន្ត​សហរដ្ឋ​អាម៉េរិក​។​

​បន្ថែម​ពីនេះ លោកស្រី បានស្នើ​សុំឱ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បន្ត​សហការ​ផ្តល់​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​ច្បាប់ និង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​-​វិនិយោគ ដល់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក (USTR) សំដៅ​លើកកម្ពស់​បរិយាកាស​វិនិយោគ និង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​របស់​សហរដ្ឋ​អាម៉េរិក ឱ្យមក​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា ក្នុង​វិស័យ​បច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម​។​

​ជាមួយគ្នានេះ លោកស្រី​ក៏បាន​ជម្រាប​មកកាន់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​ថា ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​កំពុងដំណើរការ​នីតិវិធី​វាយតម្លៃ​លក្ខខណ្ឌ​នានា លើ​ប្រទេស​ដែល​ទទួល​អត្ថប្រយោជន៍​មួយចំនួន ដើម្បី​សម្រេច​ថា​នឹង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​ប្រទេស​ទាំងនោះ ឬ​យ៉ាងណា ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។​

​គួរ​រលឹក​ផងដែរ​ថា ជំនួប​ពិភាក្សា​លើក​នេះ គឺជា​ការពិភាក្សា​ការងារ​បន្ត ដែលជា​ផ្នែក​មួយ​នៃ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ស្តីពី កិច្ចព្រមព្រៀង​ក្របខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម (TIFA) កម្ពុជា​-​អាម៉េរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close