មុខសញ្ញាកាប់អ្នកស្រុកយកម៉ូតូ និងឆក់ ត្រូវនគរបាលក្រុមប៉ោយប៉ែតឃាត់ខ្លួនបានទាំងសម្បុក បញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ) ៖ ជនសង្ស័យ១៣នាក់ ជំនាញខាងជិះម៉ូតូដេញកាប់ប្រជាពលរដ្ឋយកម៉ូតូនិងឆក់ទ្រព្យសម្បត្តិពេលរាត្រី ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ពលរដ្ឋរងគ្រោះឈ្មោះ លឹម ម៉ី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្តក្រុងប៉ោយប៉ែត បានអះអាងថា រូបគេនិងមិត្តភក្តិត្រូវបានក្មេងទំនើងមួយក្រុម ជិះម៉ូតូមកដេញកាប់ពួកគាត់យកម៉ូតូ ភ្លាមនោះគាត់បានរត់គេចខ្លួនរកគេជួយ។ ចំណែកមិត្តភក្តិរបស់គាត់ឈ្មោះ លួយ សម្បូរ ត្រូវបានក្មេងទំនើបកាប់ត្រូវជាច្រើនកាំបិតបណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង២២ និង០០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខបុរី ខេ អ៊ិន ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ពួកគេទាំងត្រូវបានក្រុមជនសង្ស័យដេញកាប់ខណៈជិះម៉ូតូត្រឡប់មកពីដើរលេងនៅរផ្សារាត្រីទឹកពុះ ចំណុចកាស៊ីណូផ្កាយ៥។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដោយមានការចង្អុរបង្ហាញ និងការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយជ័យ លោកបានដឹកនាំកម្លាំងចស្រាវជ្រាវ ដោយនៅថ្ងៃទី០៦ ទី០៧ និងទី០៨ ឃាត់បានជនសង្ស័យ ១៣នាក់ជាបន្តបន្ទាប់ ដោយដំបូងឃាត់បានជនសង្ស័យ០៨នាក់។ សមត្ថកិច្ចបានយកជនសង្ស័យទាំងនោះមកសួរនាំ។ ពួកគេបានសារភាពថា ពិតជាបានកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវបន្ត ដោយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងជំនាញបានឃាត់ជនសង្ស័យចំនួន៥នាក់ទៀត នៅក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចដកហូតបានវត្ថុតាងសរុបរួមមាន ម៉ូតូ ដាវ កាំបិត និងសម្ភារ:មួយចំនួន។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បញ្ជាក់ថា ជនសង្ស័យជាមុខកាបើយកម៉ូតូ និងឆក់កាបូបអ្នកស្រុក បច្ចុប្បន្នត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។