ឯកឧត្ដមរដ្ឋមន្ត្រី អញ្ជើញនិវត្តមកដល់កម្ពុជាវិញ ក្រោយបញ្ចប់​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ​ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញនិវត្តវិលត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានដឹកនាំប្រតិភូកម្ពុជាចូលរួម​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (18th TELMIN) និងកិច្ចប្រជុំពាក់ព័ន្ធ​ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Ubud ខេត្តបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី TELMIN លើកទី១៧​ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងបានបូកសរុបនូវសមិទ្ធផលដែលបានសម្រេចបាននៅក្នុងឆ្នាំ២០១៧កន្លងមក និងបានផ្ទេរជូនឯកឧត្តម Rudiantara រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មានវិទ្យា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធាន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (18th TELMIN) ។ អង្គប្រជុំបានអនុម័តនូវរបាយការណ៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានឆ្នាំ២០១៨ (18th TELSOM) ផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩ និងបានអនុម័តផែនការការងារលើកិច្ចសហប្រតិបត្តិការជាមួយដៃគូ រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ និងសហភាពទូរគមនាគមន៍អន្តរជាតិ។

នៅក្នុងបេសកកម្មនេះ ប្រតិភូកម្ពុជាក៏បានជួបពិភាក្សាទ្វេភាគីជាមួយប្រទេស និងវិស័យឯកជនមួយចំនួនដើម្បីស្វែងរកនូវកាលានុវត្តភាពវិនិយោគ​ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា​ រួមមានកិច្ចពិភាក្សាការងារជាមួយប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម ជំនួបជាមួយឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋកូរ៉េ​ ព្រមទាំងជំនួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានផងដែរ។ នៅក្នុងជំនួបទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវពីបច្ចុប្បន្នភាពនៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្វាគមន៍ការមកបណ្តាក់ទុនវិនិយោគ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីជម្រុញការរីកចម្រើនលើវិស័យនេះ បន្ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close