ករណីទំនាស់ដីធ្លីក្នុងរង្វង់គ្រួសារដ៏រ៉ាំរ៉ៃ ភាគីកូនទទូចសុំអោយស្ថាប័នតុលាការពិចារណានិងផ្តល់យុត្តិធម៍ដល់រូបគាត់
សៀមរាប ៖ រឿងទំនាស់ដីធ្លីក្នុងរង្វង់គ្រួសារ ឪពុកប្តឹងកូន ដែលអូសពេលរហូតជាង៨ឆ្នាំមកហើយនោះ ពេលនេះភាគីខាងកូន បានទទូចសុំអោយស្ថាប័នតុលាការមេត្តាពិនិត្យ ពិចារណាហើយផ្តល់ដីមករូបគាត់ដើម្បីបានបង្កបង្កើនផល ត្បិតដីទំនាស់នេះរូបគាត់មានលិខិតកាន់កាប់ត្រឹមត្រូវ។
ការដង្ហោយសុំទៅស្ថាប័នតុលាការ ពីភាគីកូនបែបនេះគីបន្ទាប់ពីរូបគាត់ធ្លាប់បានចូលទៅឆ្លើយបំភ្លឺរឿងឪពុកប្តឹងយកដីជាច្រើនដង តែនៅមិនទាន់ទួលបានលទ្ធផលណាមួយ។ ផ្ទុយទៅវិញ កាន់តែខាតពេលនិងខកខានការបង្កបង្កើនផលពីការធ្វើស្រែ ដែលរូបគាត់ត្រូវចិញ្ចឹមកូនក្នុងបន្ទុកជាច្រើននាក់។
លោកឈុត ឈឿយ ជាចុងបណ្តឹងនិងជាកូនប្រុសបង្កើយរបស់ដើមចោទឈ្មោះឈុត ឆោម បានរៀបរាប់ថាកាលពីកំឡុងឆ្នាំ១៩៨៤ឪពុកឈ្មោះឈុត ឆោមបានចែកដីស្រែ១១០០០ម៉ែត្រការ៉េស្ថិតក្នុងភូមិព្រៃដង្ហើម ឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប អោយមករូបគាត់។ ក្នុងឆ្នាំ២០០៨ រូបគាត់(ឈុតឈឿយ)បានធ្វើលិខិតកាន់កាប់ និងមានចុះលេខសំគាល់២៨៧/០៨ចុះថ្ងៃទី២៤ខែកក្កដាឆ្នាំ២០០៨។
ឈុតឈឿយ បន្តថា នៅឆ្នាំ២០១៦ ពេលដីមានហាងឆេង ឪពុកបានប្តឹងទាមទារយកដីទំហ៊ំ៤០×៤០ហើយរឿងក្តីមិនទាន់ដោះស្រាយផង នៅឆ្នាំ២០១៩ដោយឃើញឪពុកកាន់តែចាស់ ក៍ស្រាប់តែប្អូនៗបង្កើតព្រួតគ្នាប្តឹងបន្ថែម.ដោយទាមទារយកដីទាំង១១០០០ម៉ែត្រការ៉េទៀត(ប្តឹងយកទាំងអស់)។ ក្នុងពេលដំណើរការក្តី ឪពុកឈ្មោះ ឈុតឆោម បានឆ្លើយបំភ្លៃការពិតនៅមុខតុលាការថា រូបគាត់(ឈុតឈឿយ)យកដី១១០០០ម៉ែត្រការ៉េហើយទៅរំលោភយកដីផ្សេង១៣០០០ម៉ែត្រការ៉េទៀត។ តែពេលមន្ត្រីជំនាញ ចុះវាស់ជាក់ស្តែងដីទាំងអស់មានទំហ៊ំត្រឹមតែ៩៥០០ ម៉ែត្រការ៉េប៉ុណ្ណោះ នេះបញ្ជាក់អោយឃើញថា ឪពុកនិងប្អូនៗមានចេតនាធ្វើបាបរូបគាត់ និងភូតកុហក់ដល់ស្ថាប័នតុលាការទៀតផង។
ចុងបណ្តឹងបន្ថែមថា ក្រោយពីឪពុកនិងប្អូនៗចោទប្រកាន់មកលើរូបគាត់ដោយគ្មានមូលដ្ឋាន នៅថ្ងៃទី ១៩ខែមករាឆ្នាំ២០២៣ មេធាវីដើមចោទឈ្មោះលឹមសុពុធ សុំសម្របសម្រួលអោយកាត់ដីទំហ៊ំ៩៥០០ម៉ែត្រការ៉េនោះ អោយភាគីឪពុក៥៥០០ម៉ែត្រការ៉េ ហើយឈុតឈឿយនៅសល់៤០០០ម៉ែត្រការ៉េ និងដកពាក្យបណ្តឹងឈប់ប្តឹងផ្តល់។
ឈុតឈឿយ បានអោយដឹងទៀតថា ក្រោយពីរូបលោកយល់ព្រមតាមកិច្ចព្រមព្រៀងរបស់មេធាវីដើមចោទ ក៍ស្រាប់តែនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ពួកគេប្តឹងបន្តដោយទាមទារយកដី៣០×៤០និង ៨×៣០ផ្សេងទៀត ដែលទង្វើទាំងនេះបង្ហាញថា ក្រុមដើមបណ្តឹងមានចេតនារារាំង មិនអោយរូបគាត់បានធ្វើស្រែដើម្បីចិញ្ចឹមកូនឡើយ។
លោក ឈុត ឈឿយ បញ្ជាក់ថា ព្រោះតែពួកគេប្តឹងពីនេះពីនោះមិនចេះចប់ទើបតុលាការចេញដីការកោះហៅរូបលោកអោយចូលបំភ្លឺនៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះទៀត ចំណុចនេះហើយដែលរូបលោកទទូចសុំអោយស្ថាប័នតុលាការមេត្តាពិនិត្យនិងពិចារ ណាហើយផ្តល់ភាពយុត្តធម៍ដល់រូបលោក ព្រោះថាដីទំនាស់ក្នុងរង្វង់គ្រួសារខាងលើនេះ រូបលោកពិតជាមានលិខិតកាន់កាប់ត្រឹមត្រូវតាមផ្លូវច្បាប់។
ទោះជាបែបនេះក្តី អង្គភាពយើងនៅមិនទាន់ទទួលបានការបកស្រាយពីគូភាគីនៅឡើយទេ អង្គភាពយើងរងចាំទទួលការបកស្រាយរាល់ម៉ោងធ្វើការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។