ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីខេត្ត ណែនាំពង្រឹងសេវាសង្គ្រោះបន្ទាន់ ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដោយមិនតម្រូវឲ្យបង់ថ្លៃ
ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ណែនាំពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដែលមិនតម្រូវឲ្យបង់ថ្លៃឡើយ។
លិខិតក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្រសួងបានបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាលពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បី ជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។