កម្ពុជា ទទួលជំនួយឥតសំណង ១០លានដុល្លារ ពីADBបន្ថែមទៀត
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។
គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើ សមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹង GBV ។
គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅ តំបន់ជនបទ និងជំរុញការប្រើប្រាស់ដំណោះស្រាយ ឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។
វានឹងលើកកម្ពស់ដំណោះស្រាយឌីជីថលសម្រាប់ការទទួលបានព័ត៌មាន ការអប់រំ និងធនធានទំនាក់ទំនង ២៤/៧ (២៤ម៉ោងក្នុង១ថ្ងៃនិង៧ថ្ងៃក្នុង១សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់កិច្ចការពារ និងការឆ្លើយតបជាបន្តសំដៅទទួលបានផលជះវិជ្ជមានជាអតិបរមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។