អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យអាងស្តុកទឹកក្បាលឆាយ និងអាងស្តុករដ្ឋាករទឹកក្នុងក្រុងព្រះសីហនុ
កាលពីល្ងាចថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានពិនិត្យស្ថានភាពអាងទឹកស្តុក ទឹកស្អាតនៅតំបន់ក្បាលឆាយរបស់ក្រុមហ៊ុនអានកូ អាងស្តុកទឹករបស់រដ្ឋាករទឹកនៅវត្តលើ ព្រមទាំងពិនិត្យទីតាំងបណ្ដាញទុយោទឹកនៅ តាមទីតាំងនានាក្នុងក្រុងព្រះសីហនុ ដើម្បីដោះស្រាយការខ្វះខាតទឹកស្អាតប្រើ ប្រាស់នៅតំបន់មួយ ចំនួនក្នុងក្រុងព្រះសីហនុនា ពេលបច្ចប្បន្ន។
លោក ផន រតន ប្រធានរដ្ឋាករទឹកខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ថា ក្រុងព្រះសីហនុ ខ្វះទឹកស្អាតប្រើប្រាស់ប្រមាណ ១០.០០០ម៉ែត្រគុប ក្នុងមួយថ្ងៃ ខណៈដែលតម្រូវការទឹកស្អាតប្រចាំថ្ងៃជាមធ្យមចាប់ពី ៣៨.០០០ ទៅ ៤០.០០០ម៉ែត្រគុប ការខ្វះខាតទឹកស្អាតនេះ មកពីមូលហេតុក្រុមហ៊ុនអានកូជាអ្នកផ្គត់ផ្គង់ទឹកមកឱ្យ ខាងរដ្ឋាករ ទឹកខេត្តព្រះសីហនុមិនគ្រប់តាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ គឺផ្គត់ផ្គង់បានត្រឹមតែ ២៨.០០០ ទៅ ៣០.០០០ម៉ែត្រគុបតែប៉ុណ្ណោះ ធ្វើឱ្យតំបន់មួយចំនួននៅ ក្នុងក្រុងព្រះសីហនុជួបប្រទះនូវការរអាក់រអូល ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៨មក ប៉ុន្តែមក ដល់ដើមឆ្នាំ២០១៩ តំបន់មួយចំនួនកំពុង តែខ្វះខាតទឹកប្រើប្រាស់ ទោះបីជា ខាងរដ្ឋាករ ក៏ដូចជារដ្ឋបាលខេត្ត បានបើកប្រជុំជាមួយក្រុមហ៊ុនយ៉ាងណា ការបញ្ជូនទឹករបស់ក្រុមហ៊ុនមិនឆ្លើយតបតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
លោកបន្តថា ថ្មីៗនេះមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ក៏ជួបបញ្ហា ខ្វះទឹក ប្រើប្រាស់ផងដែរ ដែលតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងមន្ទីរពេទ្យ ជាមធ្យមក្នុងមួយថ្ងៃ ៤០ ម៉ែត្រគុប ដែលបច្ចុប្បន្នមានអ្នកជំងឺចូលសម្រាកព្យាបាលជាមធ្យម ២០០នាក់ក្នុងមួយថ្ងៃ។
លោក ស៊ុន ងី តំណាងក្រុមហ៊ុនអានកូឱ្យដឹងនៅព្រឹកនេះដែរថា ក្រុមហ៊ុនចាប់ផ្តើម ដំណើរការផ្គត់ផ្គង់ទឹកស្អាត មកឱ្យរដ្ឋាករទឹកខេត្តព្រះសីហនុពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់ទឹកមកឱ្យខាងរដ្ឋាករទឹកខេត្តព្រះសីហនុ ៧០ភាគរយ និង ៣០ភាគរយ ផ្គត់ផ្គង់ទៅឱ្យវិស័យឯកជន។ ក៏ប៉ុន្តែបញ្ហាកង្វះទឹកស្អាតនៅតាមតំបន់ ខ្ពស់មួយចំនួននៅពាក់កណ្តាលឆ្នាំ២០១៨ ដោយសារតែកំណើនការវិនិយោគ មានការកើន ឡើងយ៉ាងគំហុក ធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកក្នុងក្រុងព្រះសីហនុ មានការកើនឡើងរហូត មកដល់បច្ចុប្បន្ននេះ ដែលធ្វើឱ្យតំបន់ខ្ពស់មួយចំនួនខ្វះខាតទឹកប្រើប្រាស់ ទន្ទឹមនោះ ក្រុមហ៊ុនបានបន្ថែមទុយោមេ និងតភ្ជាប់នាឡិកាទឹកដោយផ្ទាល់ចំនួន១៣ទីតាំងបន្ថែមទៀត សម្រួលក្នុងការខ្វះទឹកតាមតំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៤ មានដូចជា តំបន់ទំនប់រលក រ៉ារថភ្លើង អូរ២ អូរ៣ និងតំបន់មួយចំនួននៅអូរឈើទាល។
លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញទុយោចែកចាយ ទឹកស្អាតជាបន្តបន្ទាប់ ដើម្បីបម្រើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងប្រើប្រាស់ ក៏ប៉ុន្តែដោយសារតែកំណើនប្រជាពលរដ្ឋ និងការអភិវឌ្ឍមានការកើនឡើង ជាបន្តបន្ទាប់ធ្វើឱ្យការផ្គត់ផ្គង់ទឹកតាមតំបន់ខ្ពស់មួយចំនួនមានការខ្វះខាត។
លោកបានបញ្ជាក់ថា តាមការព្យាករណ៍របស់អង្គការ JICA ថា ការប្រើប្រាស់ទឹកស្អាត នៅខេត្តព្រះសីហនុនៅឆ្នាំ២០៣០ អាចនឹងមានបញ្ហាប្រឈម ក៏ប៉ុន្តែឈានចូលឆ្នាំ២០១៨ បញ្ហាទឹកចាប់ផ្តើមប្រឈម ដោយសារតែកំណើនការវិនិយោគមានល្បឿនលឿនយ៉ាងគំហុក ហើយក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញមេជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតាមតម្រូវ ការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ និងវិស័យឯកជនឱ្យមាននិរន្តរភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។