កូនផ្សោតទើបកើតថ្មីមួយក្បាលទៀត ត្រូវបានគេប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ
មន្ត្រីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា កូនផ្សោត ទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាប្រាំពីរថ្ងៃ ត្រូវបានប្រទះឃើញ នៅក្នុង ក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណជាប្រាំក្បាលស្ថិតក្នុងអន្លង់កាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយក្រុម ការងារស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។
កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៦ ហើយដែលត្រូវបានកត់ត្រា ថា បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែមេសានេះ។ កូនផ្សោតទើបកើត ថ្មីនេះជាលទ្ធផលថ្មីមួយទៀតក្នុងឆ្នាំ២០១៩នេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការ អភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។
លទ្ធផលនេះជាការឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អប្រសើរ ក្នុងការងារអភិរក្សរវាង អង្គការ WWF-កម្ពុជា និងដៃគូអភិរក្សនានា ដូចជា អាជ្ញាធរមូលដ្ឋាន ម្ចាស់ផ្តល់មូលនិធិ អង្គការដៃគូប្រជាសហគមន៍ សាធារណជនទូទៅ និងជាពិសេស រដ្ឋបាលជលផល នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់ ខេត្តក្រចេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។