បាក់​ប្លង់​សេ​សង្កត់កម្មករប្រាំពីរនាក់នៅសំណង់​អគារ​ខុន​ដូ Mekong View Tower 6

ភ្នំពេញ ៖ យ៉ាងហោចណាស់កម្មកពីរនាក់បានស្លាប់ភ្លាមៗ នឹងកម្មករ៥នាក់ផ្សេងទៀត បាន រងរបួសធ្ងន់ ស្រាល បន្ទាប់ពីកើតមានករណីបាក់បេតុងប្លង់សេនៅជាន់ទី២៣ សង្កត់លើកម្មករទាំង៧នាក់ ខណៈកំពុងធ្វើការ។ ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់អគារខុនដូ Mekong View Tower 6 ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះ២នាក់ដែលបានបាត់ខ្លួន ហើយទើបរកឃើញសាកសព ក្រោមកិច្ចអន្តរាគមន៍អាជ្ញាធរមានសមត្ថកិច្ច និងកម្មករអស់ប្រហែលជិត១០ម៉ោងនោះ រួមមាន ទី១ឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងទី២ឈ្មោះ នាម ហ៊ីង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ខេត្តសៀមរាប។

ចំណែកជនរងគ្រោះចំនួន៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយកើតហេតុបាក់ប្លង់សេខាងលើនេះ ខណៈមនុស្ស២នាក់ បានបាត់ខ្លួនរកមិនឃើញ។ ជនរងគ្រោះ ដែលរងរបួសទាំង៥ រួមមាន ទី១.ជាង នឿន របួសជើង, ទី២.ជាង ផាត របួសជើង, ទី៣.ជាង រិទ្ធ របួសស្មា, ទី៤.ស្រី លន ភេទស្រី របួសស្មា និងទី៥.ស្រី របួសកែងដៃ។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ ក្រុមកម្មករប្រមាណជាង១០នាក់ បាននាំគ្នាចាក់ប្លង់សេនៅជាន់ទី២៣ ប៉ុន្តែមិនទាន់បញ្ចប់នោះទេ។ លុះវេលារសៀល ក៏បន្តបាញ់បេតុងចាក់ប្លង់សេបន្តទៀត ស្រាប់តែបាក់រន្ទារធ្លាក់ប្លង់សេសង្កត់ក្រុមកម្មករ បណ្ដាលឲ្យរងរបួស៥នាក់ និងបាត់ខ្លួន២នាក់ ដោយជាប់នៅក្រោមប្លង់សេនោះតែម្ដង។

អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងចៅហ្វាយខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត រួមនឹងមន្ត្រីតុលាការ បានចុះទៅពិនិត្យកន្លែងកើតហេតុផងដែរ ហើយក្រុមកម្មករបាននាំគ្នាដាប់គាស់បេតុង ដើម្បីរុករកជនរងគ្រោះដែលបាត់ខ្លួននោះអស់ជាច្រើនម៉ោង រហូតដល់ម៉ោងប្រមាណ១០យប់ថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះ។

ក្រោយពេលរកឃើញសាកសព និងធ្វើកោសល្យវិច័យលើសាកសពរួចរាល់ សមកិច្ចជំនាញឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយ​​​សារប្លង់សេបាក់សង្កត់លើប្រាកដមែន។ សាកសពក៏ត្រូវបានប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតរៀងៗខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close