Microsoft សម្រេចបិទ មជ្ឈមណ្ឌលទិន្នន័យមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា

អ្នកនាំពាក្យក្រុមហ៊ុនយក្ស Microsoft បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបិទមជ្ឈមណ្ឌលអភិវឌ្ឍន៍អាហ្រ្វិក (Africa Development Centre) របស់ខ្លួនក្នុងប្រទេសដែលមាន ប្រជាជនច្រើនគេបំផុតរបស់ទ្វីបនីហ្សេរីយ៉ា ខណៈប្រជាជននៅទីនោះនឹងប្រឈមការបាត់បង់ការងារក្នុងចំនួនដ៏ច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Lagos ប្រទេសនីហ្សេរីយ៉ា ត្រូវបានបើកក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការជំរុញរបស់ក្រុមហ៊ុន Microsoft ដើម្បីផ្តល់នូវដំណោះស្រាយវិស្វកម្ម និងនវានុវត្តន៍កម្រិតខ្ពស់របស់ខ្លួន។

Microsoft បាននិយាយថា បើទោះបីជាមានការបិទមជ្ឈមណ្ឌលមួយក៏ពិតមែន ប៉ុន្តែខ្លួននឹងនៅតែបន្តប្រតិបត្តិការនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយបន្តផ្តល់អាទិភាព និងបណ្តាក់ទុនលើផ្នែកកំពុងអភិវឌ្ឍន៍។ បើតាមការរំពឹងទុក Microsoft នឹងងាកទៅផ្នែកដូចជា សេវាកម្ម Cloud រួមទាំង Azure, Office 365 និង Windows ជំនួសវិញ។

គួរជម្រាបថា ជុំវិញការបញ្ឈប់បុគ្គលិកនេះ គេមិនច្បាស់នោះទេ ថាតើមានបុគ្គលិកប៉ុន្មាននាក់នឹងរងផលប៉ះពាល់។ ប៉ុន្តែបើយោងតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២២ Microsoft នៅពេលនោះមានបុគ្គលិកជាង ២០០នាក់នៅ Lagos និងជាង ៥០០នាក់នៅ Nairobi ប្រទេស Kenya៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close