កូនត្រីនិង ត្រីមេពូជចម្រុះប្រមាណជាង​​​១លានក្បាល ត្រូវបានព្រលែងចូលក្នុង​​​កស្សិណអង្គរ ដើម្បីអបអរទិវាមច្ឆជាតិ

សៀមរាប ៖ មានប្រសាសន៍នៅក្នុងទិវាមច្ឆជាតិ នៅប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋ​មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ឆ្នាំ​២០១៨នេះ គឺជាឆ្នាំទី១៦ នៃការប្រារព្ធទិវាមច្ឆជាតិ ហើយវាជាការព្រលែងត្រីទ្រង់ទ្រាយធំលើកទី១ ចូលក្នុងគូទឹកឬកសិនទឹកនៃប្រាសាទ​អង្គរវត្ត ដែលមានកូនត្រី និង ត្រីមេពូជចម្រុះប្រមាណជាង ១លានក្បាលត្រូវបានព្រលែងចូលក្នុងកស្សិណ ឬ គូទឹកអង្គរវត្តនេះ ជាប្រភេទកូនត្រីនិង ត្រីមេពូជក្នុងស្រុក រួមមានប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីក្រហែ ត្រីប្រា និង ត្រីកន្ធរ ហើយប្រភេទវារីសត្វ ដែលកំពុងរងគ្រោះផុតពូជ ដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែប ក៏ត្រូវបានព្រលែងចូលក្នុងកស្សិណអង្គរ ផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ទិវាមច្ឆជាតិ ថ្ងៃទី០១ ខែកក្កដា នេះ គឺមានអត្ថន័យដល់ការបំផុសចលនាបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ឲ្យបានជ្រាប អំពីសារៈសំខាន់នៃធនធានជលផល ដើម្បីចូលរួមថែរក្សានិងអភិរក្សពូជត្រីក្នុងស្រុក ជាពិសេសប្រភេទត្រីកំពុងរងគ្រោះ ហើយក៏ជាការបំផុសឲ្យមានការចូលរួមទាំងអស់គ្នា លើការងារអភិរក្សជីវៈចម្រុះផ្សេងៗទៀតឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផល សម្រាប់ការផ្តង់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។

សម្តេចពិជ័យសេនាបញ្ជាក់ថា ក្នុងស្ថានភាពនៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច៧ភាគរយក្នុង១ឆ្នាំ និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និង ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ហើយក៏ជាបណ្តាញមួយនៃសុវត្ថិភាពសង្គម ដែលមានប្រជាជនជាច្រើន មានមុខរបរពាក់ព័ន្ធទៅនឹងអនុវិស័យនេះ ហើយការលែងត្រី និង វារីសត្វទាំងនេះ រំពឹងថា ទៅថ្ងៃអនាគត ក្នុងតំបន់អង្គរ នឹងសម្បូរទៅដោយពូជមច្ឆជាតិចម្រុះ ព្រមជាមួយនឹងការរីកសាយទៅកាន់តំបន់ផ្សេងៗទៀត តាមប្រព័ន្ធបារាយណ៍ក្នុងតំបន់អង្គរ និង អាចចរាចរណ៍ចូលទៅដល់ដែននេសាទដទៃទៀតដែរ ដែលអាចបំពេញត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទឹកដីអង្គរនេះ ៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close