ប្រជាពលរដ្ឋក្នុងស្រុកស្វាយចេកសំណូមពរដល់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​រ៉ែនិងថាមពល​គួរពិនិត្យ​​​​ឡើងវិញ​​​ការ​​​ធ្វើ​​​​អា​​​ជីវកម្ម​ថ្មភ្នំ​តា​ដុង

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជាច្រេីនគ្រួសាររស់នៅក្នុង​ភូមិ​គោក​កី  និង​ភូមិ​មួយចំនួនទៀត​ ក្នុង​ឃុំ​តា​ផូ ស្រុក​ស្វាយ​​​ចេក  បាន​រាយការណ៏ប្រាប់ដល់អ្នកសារព័ត៌មានថា  ពួកគាត់មិន​ចង់​ឲ្យ​ក្រុមហ៊ុន ​គង់ ​មាន  ធ្វើ​អាជីវកម្ម​ថ្មភ្នំ​តា​ដុង​ ក្នុង​មូលដ្ឋាន​ពួកគាត់​ឡើយ ​ព្រោះ​ជាការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ​ ដ៏​មាន តម្លៃ​ក្នុង​មូលដ្ឋាន​ពួកគាត់​។

ប្រជាពលរដ្ឋ​ទាំងអស់នោះបន្តទៀតថា ការធ្វើ​អាជីវកម្ម​ថ្មភ្នំ​នេះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នូរ​សព​ដូនតា​របស់​អ្នកភូមិ ហើយ​ភ្នំ​នេះក៏​ជា​ទីសក្ការៈ​បូជា​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​តាំងពី​ដូនតា​មក​។ លេីសពីនោះទៅទៀត ក្រុមប្រជាពលរដ្ឋបញ្ជាក់បន្ថែមទៀតថា មិនគួរណាលោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមាន​​​ជ័យ ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ គង់​ មាន មក​បំផ្លាញ​ភ្នំ​តា​ដុង ជាទីគោរព​បួងសួង​របស់​ប្រជាពលរដ្ឋ​ឡើយ​។

ក្រុមប្រជាពលរដ្ឋ​ដដែលនេះបាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន ​គង់ ​មាន បន្តធ្វើ​អាជីវកម្ម​ថ្មភ្នំ​តា​ដុង ហើយ​ពួកគាត់​នឹង​ប្រមូល​ផ្ដុំគ្នា​តវ៉ា​បន្តទៅទៀត​ ហេីយនឹងដាក់​លិខិតតវ៉ា​ឲ្យ​អាជ្ញាធរ​ស្រុក​ស្វាយចេក និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

តាម​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​ក្រុមហ៊ុន ​គង់ ​មាន មិនអាច​បោះទីតាំង​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅក្នុង​ភូមិ​គោក​កី ឃុំ​តា​ផូ ស្រុក​ស្វាយចេក យ៉ាង​គឃ្លើន​បែបនេះ​ឡើយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ  ​រិះគន់ថា​ចាប់តាំងពី​លោក សួន បវរ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យរួចមក​ គឺ​អាជីវកម្ម​ថ្មភ្នំមាន​សភាព​កាន់តែ​ខ្លាំងក្លា​ ហើយ​ភ្នំ​មួយចំនួន​ក្នុង​ទឹកដី​ខេត្តមួយនេះ ត្រូវគេ​កាយ​ដី​លក់​យកលុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សប្បាយ​តែម្តង​៕

Résultat de recherche d'images pour "សួន បវរ"

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close