គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បង្ហាញ​តួ​លេខ​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់

បើ​តាម​លោក កែវ វី អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹងថា គិត​តាំង​ពីពាក់​កណ្តាល​ខែ​កក្កដា មក មាន​ប្រជា​ពលរដ្ឋ​​ចំនួន​១​ម៉ឺន​១​ពាន់​៩១៧​គ្រួសារ រស់​នៅ​ក្នុង​ខេត្ដ​ចំនួន​៤ រួម​មាន៖ ខេត្ដស្ទឹងត្រែង ក្រ​ចេះ ត្បូងឃ្មុំ និង​កំពង់ចាម ត្រូវ​ទឹក​ជំនន់ជន់លិចលំ​នៅ​ដ្ឋាន។ ក្នុង​នោះ​ប្រជា​ពលរដ្ឋ​​ចំនួន​១​ពាន់​៧៣៣​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។

ពាក់​ព័ន្ធ​បញ្ហា​ទឹក​ជំនន់​នេះ ក្នុង​ឱកាស ចុះ​ពិនិត្យ​មើល​គ្រោះ​ទឹក​ជំនន់​ក្នុង​ខេត្ត​ក្រចេះ នៅ​ល្ងាច​ថ្ងៃ​ទី០២ ខែ​សីហា ម្សិលមិញ ឯកឧត្តម ញឹម វណ្ណដា អនុ​ប្រធាន​ប្រចាំ​ការ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ថ្លែង​ថា បញ្ហា​ទឹក​ជំនន់​នេះ យើង​បាន​ប្រើ​ប្រាស់​នូវ​វិធានការណ៍​សរុប មធ្យោបាយ​សរុប និង​កម្លាំង​សរុប ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​ទាន់​ពេល​វេលា។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍កម្ពស់​ទឹក​ជំនន់ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៣ សីហា នេះ បាន​បង្ហាញ​ថា ទឹក​​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង បាន​ស្រក​ចុះ​មកហួស​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ហើយ គឺ ១០,៤៧​ម៉ែត្រ ហើយ​​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​បាន​ចុះ​មក​នៅ​ត្រឹម ២១,៧២​ម៉ែត្រ តែ​ទឹក​​ទន្លេ​មេគង្គ​ខេត្ត​កំពង់ចាម បាន​ឡើង​ដល់​កម្ពស់ ១៥,១២​ម៉ែត្រ ហើយ​ទន្លេ​បាសាក់​កោះ​ខែល ឡើង​ដល់ ៧,៥៧​ម៉ែត្រ លើក​ម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close