ខេត្តកំពតបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ

ព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញអមដំណើរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ស្ថិតនៅភូមិកំពង់ទ្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីនាព្រឹកនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត បានសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ អបអរសាទរ និងធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកចូលរួមក្នុងពិធីនាពេលនេះ ព្រមទាំងថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងជម្រុញការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធសម្បទាទេសចរណ៍ និងថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារួមចំណែកជម្រុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា កំពង់ផែនេះពិតជាមានសារៈសំខាន់ក្នុងការតភ្ជាប់ទេសចរណ៍តាមផ្លូវទឹកពីប្រទេសនានា ក្នុងតំបន់ និងលើសកលលោក ហើយភ្ញៀវទេសចរពិតជាមានការកើនឡើងសម្រាប់ខេត្តតំបន់ឆ្នេរ និងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការសរុបប្រមាណ៨៨០នាក់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close