ចាប់គ្រឿងញៀនជិត ១០០គីឡូក្រាម ឃាត់ខ្លួនមនុស្ស ៦នាក់!
ភ្នំពេញ៖ ក្នុងប្រតិបត្តិការរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងឆែកឆេរទីតាំង ៤កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល នៅខណ្ឌច្បារអំពៅ១កន្លែង និង៣កន្លែងទៀត នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រឹបអូសគ្រឿងញៀនជិត ១០០គីឡូក្រាម។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់នោះ គឺ១.ឈ្មោះ ង្វៀន យ៉ាំងយិន (Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម, ២. ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន, ៣. ឈ្មោះ QIU QING WEI ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន, ៤. ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន សញ្ញាតិកាណាដា, ៥. ឈ្មោះ CHEN SHEN TANG ភេទប្រុស ជនជាតិចិន និង៦. ឈ្មោះ LI YI ភេទប្រុស ជនជាតិចិន។
ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញ ចាប់យកវត្ថុតាងគ្រឿងញៀន៖ អិចស្តាស៊ីទម្ងន់: ៩៤ គ.ក្រ, មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ក្រាម, សារធាតុផ្សំ ទម្ងន់ ១០គ.ក្រ, សម្ភារៈសំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹងមួយចំនួនធំ, រថយន្ត២គ្រឿង, អាវុធខ្លី២ដើម, អាវុធខ្លី(កែច្នៃ) ២ដើម, ខ្នោះដៃ២គូរ និងទូរស័ព្ទដៃ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។