ហ្វីលីពីន ជម្លៀសប្រជាជន ដោយសារព្យុះទីហ្វុងទី៤ វាយប្រហារ
ក្រុមមន្ត្រីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះថា ប្រជាជននៅតាមភូមិជាច្រើន ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយកំពង់ផែជាច្រើនត្រូវបិទជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុងមួយផ្សេងទៀតបានវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ព្យុះទីហ្វុង Toraji គឺជាព្យុះទី៤ ដែលបានវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលជិតមួយខែមកនេះ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត នៅឡើយទេ ស្របពេលព្យុះ Toraji បានវាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃប្រទេស នៅក្បែរទីក្រុង Dilasag ស្ថិតនៅចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ពីភាគឦសាននៃរដ្ឋធានីម៉ានីល។
រដ្ឋាបាលហ្វីលីពីន បានបង្គាប់ឱ្យប្រជាជននៅតាមភូមិចំនួន ២៥០០ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពកាលពីថ្ងៃអាទិត្យ ប៉ុន្តែខាងអាជ្ញាធរមិនបានបញ្ជាក់ថាតើមានប្រជាជនប៉ុន្មាន នាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួននោះទេ។ ដោយឡែក បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះ Toraji បានបក់បោកក្នុងល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការមកដល់នៃព្យុះ នេះកើតមានឡើង បន្ទាប់ពីព្យុះចំនួន៣ បានវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលជិតមួយខែមកនេះ ដោយសម្លាប់មនុស្ស១៥៩នាក់។
គួរបញ្ជាក់ថា សាលារៀន និងការិយាល័យរដ្ឋាភិបាលជាច្រើន នៅតាមតំបន់ដែលព្យុះ Toraji អាចនឹងបក់បោកទៅដល់ ត្រូវបានបិទទ្វារបណ្ដោះអាសន្ន រីឯអ្នកដំណើរជិត ៧០០នាក់ បានជាប់គាំងនៅតាមកំពង់ផែមួយចំនួន។ ក្នុងមួយឆ្នាំៗ មានព្យុះតូចធំយ៉ាងហោច ២០ តែងតែវាយប្រហារលើហ្វីលីពីនជារឿយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។