មេឃុំឆ្នុកទ្រូ មិនសុខចិត្ត ទាមទារ​ឲ្យ​ ឧកញ៉ា ប៉ែន លឹម កែតម្រូវ​ចំពោះការបង្ហោះបរិហាកេរ្តិ៍ថា លោកឃុបឃិតយកដីពលរដ្ឋលក់

រដ្ឋបាលឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានសម្តែង​ប្រតិកម្ម ក្រោយ​ពីគណនីហ្វេសប៊ុកមួយ​ឈ្មោះ ឧកញ៉ា ប៉ែន លឹម បាន​បង្ហោះសារ ដោយ​ចោទប្រកាន់អាជ្ញាធរឃុំឆ្នុកទ្រូថា ឃុបឃិតគ្នាយកដីស្រែ របស់រាស្ត្រនៅខាងកើតសាលាសំណាក់ដើមច្រកែង ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយ​ថា នេះគឺជារឿងមិនពិត។

រដ្ឋបាលឃុំឆ្នុកទ្រូបានបញ្ជាក់ថា ដីនៅចំណុចខាងលើនេះមាន​ចំនួន១០ហិកតា គឺជាដីដែលរាជរដ្ឋាភិបាលបានធ្វើ អនុប្រយោគ លេខ៦៦ សជណ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កាត់ចេញពីដីតំបន់៣ប្រគល់ឲ្យ​អាជ្ញាធរឃុំជីកយកអាចម៌ដី កសាងផ្លូវក្នុងឃុំ កសាងទីតាំងផ្សារថ្មី ក្នុងឃុំ និង កសាងទីតាំងកំពង់ផែរថ្មីក្នុងឃុំផងដែរ។

យោងលិខិត ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៦៦ សជណ កឆ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីជម្រាបមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រាជរដ្ឋាភិបាលយល់ព្រមឱ្យកាត់ឆ្វៀលដីទំហំ ១០ ហិកតា ដើម្បីជីករណ្ដៅដី ជម្រៅ ២ ម៉ែត្រសម្រាប់យកអាចម៍ដីមកចាក់បំពេញទីតាំងសម្រាប់សាងសង់ផ្សារ ផែទាំង៣ប្រទេស និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ទីតាំងដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ បានជីករណ្ដៅយកអាចម៍ដីនេះ ត្រូវទុកសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍វារីវប្បកម្ម ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។

ដោយ​សំអាងលើហេតុផលនេះហើយ រដ្ឋបាលឃុំឆ្នុកទ្រូ ស្នើ​ឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឧកញ៉ា ប៉ែន លឹម ធ្វើការកែរតម្រូវព័ត៌មានជាបន្ទាន់ ហើយ​ប្រសិនបើមិនកែតម្រូវទេ រដ្ឋបាលឃុំឆ្នុកទ្រូ និងមានវិធានការណ៍ទៅតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close