មន្រ្តីបំភ្លឺពីករណីចាក់អាល់កុលក្លែងក្លាយចូលទឹក
ក្រោយពីមានអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការរិះគន់ចំពោះក្រុមមន្រ្តីកាំកុងត្រូល ដែលបានយកអាល់កុលក្លែងក្លាយចាក់ចូលទៅក្នុងទឹកប្រឡាយនោះ, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានធ្វើការបំភ្លឺថា ជាទូទៅ មេតាណុលអាចត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យជាច្រើន ក្នុងនោះ នៅក្នុងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ វាមានមុខងារជួយសម្រួលនៅក្នុងដំណើរការ Denitrification ដែលធ្វើឱ្យពពួកបាក់តេរី ដែលរស់នៅក្នុងលក្ខខណ្ឌគ្មានខ្យល់ ជួយជំរុញក្នុងការបំបែកជាមួយសារធាតុផ្សេងៗ ជាពិសេស ពពួកនីត្រាត ឬ អាម៉ូញ៉ាក់ បង្កើតជាឧស្ម័នអាសូត។ តាមរយៈប្រតិកម្មនេះកំហាប់មេតាណុលនឹងត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង។
ម្យ៉ាងទៀតតាមលក្ខណៈរូប មេតាណុលគឺជាអាល់កុលដែលងាយរលាយចូលជាមួយទឹកដោយគ្មានកំណត់។ ដូច្នេះនៅពេលដែលមេតាណុលត្រូវបានចាក់ទៅក្នុងទឹកសំអុយ វានឹងត្រូវរលាយទាំងស្រុងជាមួយទឹក ដែលធ្វើឱ្យកំហាប់ ចុងក្រោយរបស់វា គឺមានបរិមាណតិចតួចបំផុតមុននឹងហូរទៅដល់ប្រភពចុងក្រោយ ដែលនឹងមិនអាចបង្កផលប៉ះពាល់ដល់ពពួកសរីរាង្គមានជីវិតបានឡើយ។
កាំកុងត្រូលបានបញ្ជាក់ដោយយោងតាមឯកសារវិទ្យាសាស្រ្តថា សារធាតុមេតាណុល អាចបង្កការពុលចំពោះសរីរាង្គមានជីវិតក្នុងទឹក ដូចជាត្រី សណ្ដានក្ដាមខ្យង ឬ សារាយ ប្រសិនបើកំហាប់មេតាណុលលើសពី ១០,០០០ មីលីក្រាម ក្នុង១លីត្រ (១%)។ «ដូច្នេះដោយយោងតាមការអនុវត្តជាក់ស្ដែងដោយមន្រ្តីជំនាញខាងលើ យើងអាចវាយតម្លៃបានថា សំណល់មេតាណុលនៅក្នុងទឹកសំអុយខាងលើ នឹងមិនអាចប៉ះពាល់ដល់សរីរាង្គមានជីវិត ក៏ដូចជាបរិស្ថានបានឡើយ»។
ការជ្រើសរើសការចាក់ចោលមេតាណុលចូលទៅក្នុងដីមិនអាចជាជម្រើសល្អឡើយ ដោយហេតុថា វាអាចបង្កផលប៉ះពាល់ទៅដល់បរិស្ថាន តាមរយៈការហួតហើរទៅក្នុងខ្យល់ ឬ ធ្វើឱ្យជ្រាបសាយភាយចូលក្នុងដី និងទឹកក្រោមដី។
ពាក់ព័ន្ធទៅនឹងការកំទេចចោលសារធាតុមេតាណុលនេះ អគ្គនាយកដ្ឋាន ក.ប.ប. តែងតែមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដោយឈរលើស្មារតីយកចិត្តទុកដាក់ វាយតម្លៃហានិភ័យ និងថ្លឹងថ្លែងពីផលប៉ះពាល់សុខភាព បរិស្ថាន សេដ្ឋកិច្ច និង សង្គម ដោយតម្កល់ផលប្រយោជន៍ជាតិខ្ពស់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។