៥ខែ ដើមឆ្នាំនេះ! កម្ពុជា នាំចេញអង្ករជាង ២៣ម៉ឺនតោន ទទួលចំណូលជាង ១៦៦លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១នេះ កម្ពុជា សម្រេចការនាំចេញអង្ករជាង ២៣៣ ០៣១តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៧ប្រទេស ទទួលចំណូលជាង ១៦៦លាន៨១ម៉ឺនដុល្លារ។ សហព័ន្ធស្រូវអង្ករ បានឲ្យដឹងថា បរិមាណអង្ករសរុបជាង ១២ម៉ឺនតោន ឬជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ដែលគិតជាទឹកប្រាក់ចំនួន ៧៧លាន ៥២ម៉ឺនដុល្លារផងដែរ។
សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា ចំពោះវិបត្តិកូវីដ១៩ ដែលប៉ះពាល់ដល់ចរន្តនៃលំហូរពាណិជ្ជកម្ម និងវិស័យផ្សេងដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិជាអាទ៍ កង្វះកុងតឺន័រ និងការឡើងថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសទៅសហគមន៍អឺរ៉ុប បានធ្វើឲ្យបរិមាណនៃការនាំអង្ករចេញ ជារួមបានធ្លាក់ចុះជាង ៣៤% ហើយទីផ្សារដែលប៉ះពាល់ធំជាងគេ គឺទីផ្សារសហគមន៍អ៊ឺរ៉ុបដែលធ្លាប់កាន់ចំណែកនៃការនាំចេញសរុបជាង៣៤% ប្រហែលគ្នាទៅនឹងទីផ្សារចិន ដែលមានចំនួន ៣៨% នៅក្នុងរយៈពេល៥ខែដូចគ្នា នៅក្នុងឆ្នាំ២០២០។
បើគិតជាបរិមាណ គឺប្រមាណជាង ១២ម៉ឺនតោន នៅក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២០ មកត្រឹមជិត៦ម៉ឺនតោន ឬជាង ២៥% នៃការនាំចេញសរុបក្នុង៥ខែ ឆ្នាំ២០២១។ ក្រៅពីនេះការនាំចេញទៅប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះពីជាង ២០០០តោន មកត្រឹមជាង ២០០តោនផងដែរ។
សម្រាប់ខែឧសភា ឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករចំនួន ៤ម៉ឺន០ ៥៣៦តោន ទទួលបានទឹកប្រាក់ ២៦លាន៧១ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ហើយទីផ្សារដែលធំជាងគេ គឺប្រទេសចិន ៤០%, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន៣០%, ទីផ្សារក្នុងអាស៊ានជិត១២%, និង ទីផ្សារបណ្តាប្រទេសផ្សេងៗមានជិត ១៨%។ រីឯប្រភេទអង្ករនាំចេញក្នុងខែឧសភានេះមានដូចជា អង្ករក្រអូបបាននាំចេញ ៧៤%, ចំពោះអង្ករសគ្រាប់វែងវិញបាននាំចេញ ២១%, អង្ករចំហុយ ៣%, និងចុងក្រោយ ២% គឺអង្ករសរីរាង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។