អាជ្ញាធរ​ជាតិ​អប្សរា​ ទទួល​វត្ថុ​បុរាណ​ចំនួន​៥ ពី​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤

​ខេត្តសៀមរាប​៖ វត្ថុ​បុរាណ​ចំនួន​៥ ដែល​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ បាន​រកឃើញ​នាពេល​កន្លងមក បានសម្រេច​ប្រគល់ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យកមក​ថែរក្សា និង​អភិរក្ស​បន្តទៀត​។ ពិធី​ប្រគល់​ទទួល​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នេះ ត្រូវ​បានទទួល​ដោយផ្ទាល់​ពី​សំណាក់ ឯកឧត្តម​ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហការី ក្នុងឱកាស​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​និង​ដាំ​កូនឈើ​នា​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​។​

​វត្ថុ​បុរាណ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​ក្នុងឱកាស​នោះ​រួមមាន​៖១.​សសរ​ពេ​ជ្យ​មួយ​កំណាត់​តូច ២.​កំពូល​ប្រាសាទ​តាម​ជ្រុង​នៃ​ប្រាសាទធំ ៣.​ឆ្នាំង​ថ្នាំ​មួយ ៤.​ដុំ​ហោជាង​ផ្នែក​ខាងលើ មាន​កំណាត់​ព្រះ​សិរ​រូប​ព្រះ​មួយផ្នែក និង​៥.​បង្គោល​ព្រះ​ទិស មួយ​ដុំ​។​

​សូម​ជម្រាបជូន​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​វត្ថុ​បុរាណ​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ​នានា​ដែល​បាន​ប្រទះឃើញ​និង​ស្ម័គ្រ​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ថែរក្សា និង​អភិរក្ស ដើម្បី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close