ក្រុមហ៊ុន​ចិន គ្រោង​នឹង​វិនិយោគ ក្រុង​វិស្សមកាល​ទេសចរណ៍ តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ នៅ​ខេត្តកោះកុង​

ក្រុមហ៊ុន​ចិន គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ជាង ១,០០០​លាន​ដុល្លារ ដើម្បី​បើក​ការដ្ឋាន​សាងសង់ «​ក្រុង​វិស្សមកាល​ទេសចរណ៍​» នៅក្នុង​ដើមឆ្នាំ​២០១៩ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ខេត្តកោះកុង​

ក្នុងជំនួប​ពិភាក្សា​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក លី តាវ (Li Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិ​ល​ធី​ឌី ខេ​ម​បូ​ឌា ដែល​បាន​កំពុងធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ (​តំបន់​ពិសោធន៍​អភិវឌ្ឍន៍​វិនិយោគ​ចម្រុះ​កម្ពុជា​-​ចិន​) នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុម​សាគរ នៃ​ខេត្តកោះកុង​។ ក្នុង​កិច្ចពិភាក្សា​នោះ ក៏​លើក​មានការ​លើកឡើង​ពី​គម្រោង «​ក្រុង​វិស្សមកាល​ទេសចរណ៍​» នឹង​សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន ១,២០០​ហិតា ដែល​ប្រមូលផ្តុំ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រុះ​ដូចជា សណ្ឋាគារ​លំដាប់​ផ្កាយ ៥, ខុន​ដូ​ទំនើប​, បឹង​កា​ឡូ​, ការិយាល័យ​ធ្វើការ​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ​។​

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិ​ល​ធី​ឌី ខេ​ម​បូ​ឌា ដែល​បានដាក់​ទុនវិនិយោគ​យ៉ាងច្រើន​នៅក្នុង​ខេត្តកោះកុង ដើម្បី​លើកកម្ពស់​វិស័យសេដ្ឋកិច្ច ទេសចរណ៍​កម្ពុជា និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកោះកុង​។​

​លោក​រដ្ឋមន្ត្រី​បានប្រកាស​គាំទ្រ និង​បង្ហាញ​ជំនឿ​ថា គម្រោង «​ក្រុង​វិស្សមកាល​ទេសចរណ៍​» នឹង​ជួយ​ពង្រឹង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល ព្រមទាំង​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ និង​វិនិយោគិន ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត នាពេល​អនាគត ហើយ​ក្រសួងពាណិជ្ជកម្ម ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នឹង​រង់ចាំ​ជួយ​សម្របសម្រួល​គម្រោង​វិនិយោគ​នេះ​ជានិច្ច​។​

​សូមជម្រាបថា ក្រុមហ៊ុន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ អិ​ល​ធី​ឌី ខេ​ម​បូ​ឌា បាន​ចុះកិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០០៨ ដើម្បី​ធ្វើការ​អភិវឌ្ឍ​គម្រោង​តារា​សាគរ លើ​ផ្ទៃដី​សរុប​ទំហំ ៣៦,០០០​ហិច​តា​។ គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​កំពុង​សម្រុក​អនុវត្តន៍​គម្រោង​ទៅតាម​ផែនការ ដោយបាន​បណ្តាក់ទុន​វិនិយោគ​ចំនួន​ជាង ១,៥០០​លាន​ដុល្លារ​ហើយ លើ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​រួមមាន​៖ ប្រព័ន្ធ​គមនាគមន៍​, ក្លឹប​វាយ​កូន​ហ្គោល​, ព្រលានយន្តហោះ​, កំពង់ផែ​ទឹក​ជ្រៅ​អន្តរជាតិ​, សួន​លម្អ​, បណ្តាញ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close