កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុកពួក និងស្រុកជីក្រែង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាប

សៀមរាប ៖ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកពួក ដឹកនាំដោយលោក ម៉ៅ វិសុទ្ធ ប្រធានគណៈបញ្ជាការឯកភាពស្រុក និង កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកជីក្រែង ដឹកនាំដោយ លោក ដោក វណ្ណនេត អនុគណ:បញ្ជាការឯកភាពស្រុកជីក្រែង រួមជាមួយនឹងមន្រ្តីជលផលប្រចាំក្នុងភូមិសាស្ត្រនីមួយៗ ចុះទៅធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ដែលខ្លួនគ្រប់គ្រង ក្នុងនោះ នៅក្នុងស្រុកពួក ប្រមូលឧបករណ៍របចំនួន១០គ្រឿង , របាំងសាច់មុងប្រវែង​១ពាន់ម៉ែត្រ , អ៊ុយស្បៃមុង៤១គ្រឿង , សាច់មុង​១.៦៤០ម៉ែត្រ និងចំរឹងចំនួន៥៨២ដើម ព្រមទាំងបានព្រលែងកូនត្រីចំនួន​២៥៥ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ និង នៅក្នុង​ស្រុកជីក្រែង ប្រមូលឧបករណ៍បរចំនួន៣៥គ្រឿង , របាំងសាច់អួន​៣.៤៣០ម៉ែត្រ , ចំរឹងចំនួន២៦៥០ដើម , អ៊ុយស្បៃមុង​១៨គ្រឿង , ក្បាលលូស្បៃមុង៤៥គ្រឿង , របាំងស្បៃមុង​៧០០ម៉ែត្រ និងព្រលែងកូនត្រីចំនួន២២៥គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។

ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយលោកចៅសង្កាត់ និងកម្លាំងប្រជាការពារ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តសង្កាត់សៀមរាបដោយធ្វើបានប្រមូលបានស្បៃអ៊ុយចំនួន ១២ ក្បាល , របាំងស្បៃមុងស្មើនឹង​២៥០ ម៉ែត្រ , ចំរឹងឈើចំនួន៣០០ដើម និង បានចាក់ព្រលែងកូនត្រីចំនួន១៥០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញផងដែរ ៕

ប្រភព ៖ មន្ទីរសារព័ត៌មានខេត្តសៀមរាប

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close