កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាបានឲ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ Charting a New Decade of HOPE -Healthy Oceans, People and Economies ដែលមានគោលបំណងសំខាន់ៗ រួមមាន៖
– ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
– បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ
– កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្ត្រមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។
ឯកឧត្ត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងកិច្ចប្រជុំពិនិត្យផែនការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នារសៀលថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ បានណែនាំឲ្យក្រុមការងារនីមួយៗ ត្រូវពង្រឹងការត្រួតពិនិត្យផែនការសកម្មភាពរបស់ខ្លួន ដោយសហការរៀបចំជាមួយអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រអាស៊ីបូព៌ា (PEMSEA) ប្រទេសជាសមាជិក និងដៃគូរអភិវឌ្ឍន៍ ដើម្បីឱ្យមហាសន្និបាតសមុទ្រឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងបង្កើនមោទនភាពជាតិកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការងារផ្សព្វផ្សាយនៃជំហានឆ្ពោះទៅកិច្ចប្រជុំ ពិតជាមានសារៈសំខាន់ទាក់ទងនឹងវិស័យបរិស្ថានសមុទ្រ ដែលពិភពលោកកំពុងយកចិត្តទុកដាក់និងជាឱកាសដែលកម្ពុជាបង្ហាញការចូលរួមចំណែកដោះស្រាយក្នុងបញ្ហាប្រឈមតំបន់និងអន្តរជាតិ រួមជាមួយការប្តេជ្ញាចិត្តខ្ពស់លើការគ្រប់គ្រងបរិស្ថាននិងការអភិវឌ្ឍដោយចីរភាព។
សូមបញ្ចាក់ថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រសួងបរិស្ថាន ធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ារយៈពេល ០២ថ្ងៃ (ថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១) នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធអនឡាញ និងអនុវត្តតាមវិធានសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។