ឯកឧត្តម ងួន រតនៈ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០២គ្រួសារ ដែលរស់នៅតំបន់លិចទឹក សហគមន៍ពាមផ្សោត ក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង

ព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០២គ្រួសារ ដែលរស់នៅតំបន់លិចទឹក សហគមន៍ពាមផ្សោត ក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ព្រមទាំងបានអញ្ជើញចូលរួម មាន ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលស្រុកសង្កែ កងកម្លាំងនគរបាលស្រុក ព្រមទាំងមន្ត្រីរាជការសាលាខេត្ត សាលាស្រុក ផងដែរ។

អំណោយដែលបានផ្តល់ជូនរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក្រ មី១០កញ្ចប់ និងថវិកា២ម៉ឺនរៀល ដែលជាអំណោយរបស់ឯកឧត្តមប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទ ខេត្តបាត់ដំបង។ ដោយឡែក អ្នកគ្រូបង្រៀនក៏ទទួលបានថវិកាចំនួន១០០ដុល្លារ និងសិស្សជិត១០០នាក់ ក្នុងម្នាក់ៗ បានឃីតសៀវភៅ ប៊ិក ខ្មៅដៃ និងថវិកាក្នុងម្នាក់ៗ២ពាន់រៀលផងដែរ។

ឯកឧត្តម ក៏បានមានប្រសាសន៍ សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំង១០២ គ្រួសារ និងសុំឲ្យប្រជាពលរដ្ឋទាំងដែលរស់នៅតំបន់មានការប្រុងប្រយ័ត្ន ពិសេសទៅលើសុខភាព និងសុវត្តិភាព ព្រមទាំងជាមួយក្មេងតូចៗផងដែរ ព្រោះរដូវនេះមានទឹកឡើងច្រើន ។

ដោយមើលពីការលំបាល សម្រាប់សិស្សានុសិស្សជិត១០០នាក់ ខ្វះថ្នាក់រៀន ដោយបច្ចុប្បន្នមានត្រឹមតែថ្នាក់ទី១ និងទី២ នៅខ្វះថ្នាក់ទី៣ ឯកឧត្តម អភិបាលខេត្ត ក៏បានសន្យា ដើម្បីរិះរកពិនិត្យលទ្ធភាព ផ្តល់នូវផែបណ្តែតទឹកដើម្បីបំពេញបន្ថែមពីស្ថានភាពការសិក្សារបស់សិស្សានុសិស្សនៅទីនោះ ដើម្បីបង្កើននូវថ្នាក់រៀនបន្ថែម១ថ្នាក់ទៀត គឺថ្នាក់ទី៣ ។

ហើយឯកឧត្តម ក៏មានប្រសាសន៍បន្តទៀតថា នឹងត្រឡប់មកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋម្តងទៀត ដោយនឹងនាំយកនូវធុងចម្រោះទឹកស្អាត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងចែកជូនដល់បងប្អូនរស់នៅទីនេះ ព្រមទាំង រិះរកស្បៀងបន្ថែមដូចជាអង្ករជាដើម ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនដែលកំពុងតែរស់នៅទីនេះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close