ធ្លាក់យន្តហោះចូលសមុទ្រ ស្លាប់ប៉ូលីស ៦នាក់ នៅប្រទេសថៃ

ប៉ូលិសភូមិន្ទថៃ (RTP) រាយការណ៍ថា ប៉ូលិសចំនួន ៦ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងចូលសមុទ្រ នៅព្រឹកថ្ងៃសុក្រនេះ ក្នុងកំលុងពេលប្រតិបត្តិការហោះហើរសាកល្បង មុនពេលចូលរួមសមយុទ្ធហ្វឹកហ្វឺនលោតឆ័ត្រយោងនៅស្រុក Hua Hin ខេត្ត Prachuap Khiri Khan។

ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែត The Nation ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃសុក្រនេះ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់មូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ។

ទន្ទឹមគ្នានេះ អាជ្ញាធរក៏កំពុងប្រមូលភស្តុតាងពីកន្លែងធ្លាក់យន្តហោះ រួមទាំងបំណែកយន្តហោះ និងឧបករណ៍ថតទិន្នន័យហោះហើរ ឬ ប្រអប់ខ្មៅ ហើយកំពុងសម្របសម្រួលជាមួយអ្នកជំនាញផ្នែកអាកាសចរណ៍ និងភ្នាក់ងារពាក់ព័ន្ធធ្វើការត្រួតពិនិត្យបច្ចេកទេសយ៉ាងម៉ត់ចត់។

ភ្លាមៗ លោកឧត្តមសេនីយ៍ឯក Kitrat Panphet អគ្គស្នងការប៉ូលិសភូមិន្ទថៃ កំពុងធ្វើដំណើរទៅខេត្ត Prachuap Khiri Khan ដើម្បីត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងធ្លាក់យន្តហោះ។

ជាមួយគ្នានេះ លោកបានបញ្ជាឲ្យមានការឧបត្ថម្ភពេញលេញដល់ក្រុមគ្រួសារអ្នកស្លាប់ និងបានណែនាំឲ្យរៀបចំពិធីបុណ្យសពឲ្យមានភាពថ្លៃថ្នូរ។ លោកក៏បានណែនាំឲ្យមានការស៊ើបអង្កេតភ្លាមៗ និងលម្អិត ដើម្បីស្វែងរកការពិត និងទប់ស្កាត់សោកនាដកម្មបែបនេះកើតឡើងម្តងទៀតនាពេលអនាគត។

អង្គភាពប៉ូលិសភូមិន្ទថៃ (RTP) ក៏ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់មន្ត្រីក្លាហានដែលបានលះបង់ជីវិតរបស់ពួកគេ នៅក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន៕

ប្រភព៖ Apsara TV11

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close