កម្ពុជា កូរ៉េ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ (CKFTA) ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ មកពី​ស្ថាប័ន​សាធារណៈ​និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​។​

​ការចរចា​កិច្ចព្រមព្រៀង CKFTA នេះ ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម MOON Jae-In ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ សំដៅ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។​

​អនុវត្តតាម​អាណត្តិ​ផ្តល់ឱ្យ​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​បានប្រកាស​ចា​ប់​ផ្តើម​ការសិក្សា​រួម​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​។ ​ការសិក្សា​បានបង្ហាញ​លទ្ធផល វិជ្ជមាន​សម្រាប់​ប្រទេស​ទាំងពីរ ដោយ​នឹង​ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រីក​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ ដោយ​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក សំដៅ​បង្កើន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សុខមាលភាព ប្រជាជន និង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​

​កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ និង​ឆ្លងកាត់​ការចរចា​សរុប​ចំនួន ១២​លើក មុននឹង​ឈាន​មកដល់​ការចុះហត្ថលេខា​នាពេលនេះ​។ នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​ភាគី​ទាំងពីរ ក្នុងការ​ជំនះ​ពុះពារ​រាល់​ឧបសគ្គ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដែល​បង្កឡើង​ជំងឺ​កូ​វីដ​-១៩ រហូត​សម្រេចបាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​កិច្ចព្រមព្រៀង​នេះ​មាន​ចំនួន ១០​ជំពូក មាន ១៣១​មាត្រា រួមទាំង​បុព្វកថា និង​ឧបសម្ព័ន្ធ​ចំនួន ៩ ដែល​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ទំនិញ ដែល​ក្នុងនោះ​រួមមាន ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយ​តម្លៃភាព​អនុលោម វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង​គ្របដណ្តប់​ផងដែរ​លើ ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញ្ញត្រកម្ម ការរៀបចំ​ស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ​។​

​លើសពីនេះ​ទៀត កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​កំណើន​ឱកាស​ការងារ ព្រមទាំង​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច របស់​ប្រទេស​ទាំង​ពីរបាន​ឆាប់រហ័ស ដែល​ទទួលរង​ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩ ដោយ​នឹង​ពង្រីក​បន្ថែម​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ បន្ថែម​ពីលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ (AKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ ជាពិសេស កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​បន្ថែមទៀត ដូចជា ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម ជាដើម​។​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចព្រមព្រៀង CKFTA នេះ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៦០​ថ្ងៃ បន្ទាប់ពី​ភាគី​ទាំងពីរ ជូនដំណឹង​ទៅវិញទៅមក​តាមផ្លូវ​កា​រទូ​ត អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុងនៃ​ការផ្តល់​សច្ចាប័ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close